មន្ដ្រីអាស៊ានធ្វើទស្សនកិច្ចស្វែងយល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖នៅក្នុងឱកាសដែលមកជួបប្រជុំគ្នានៅខេត្តសៀមរាបស្តីពីវិស័យសុខាភិបាលនៅក្នុងតំបន់អាស៊ានកាលពីរសៀលថ្ងៃទី១១​ខែតុ​លាម្សិលម៉ិញនេះ ថ្នាក់ដឹកនំាវិស័យសុខាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ានបានមកធ្វើទស្សនកិច្ចស្វែងយល់ និងពិនិត្យមើលជាក់ស្តែងអំពីការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋកម្ពុជានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានឲ្យដឹកថា៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាមន្ទីរពេទ្យមួយដែលមានការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបានទូលំទូលាយជាងគេនៅក្នុងចំណោមបណ្តាមន្ទីរពេទ្យបង្អែកនៃបណ្តាខេត្តនៅជិតខាង។អ្វីដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមាន ហើយមន្ទីរពេទ្យបង្អែកខេត្តជិតខាងមិនទាន់មាន គឺការវរះកាត់ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ មានមជ្ឈមណ្ឌលផ្តល់ឈាម ដែលអាចជួយសង្គ្រោះអ្នកជំងឺធ្ងន់ៗបានទាន់ពេលវេលា។ដែលកត្តាទំាងនេះបានធ្វើឲ្យប្រជាពលរដ្ឋមិនត្រឹមតែនៅក្នុងខេត្តសៀមរាបទេ គឺប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តជិតខាងក៍មកទទួលសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះដែរ។
លោក ប៉ែន ផលគុណ បានបន្តថា៖” បច្ចុប្បន្ននេះមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែសម្រាប់អ្នកជំងឺសំរាកព្យាបាលចំនួន៣០០គ្រែ ប៉ុន្តែសម្រាប់អ្នកជំងឺមកសំរាកព្យាបាលជំងឺគឺច្រើនលើសចំនួនគ្រែ ដែលធ្វើឲ្យអ្នកជំងឺខ្លះត្រូវដេក និងការ៉ូ”។លោកបន្តថា រាជរដ្ឋាភិបាលកំពុងតែគិតលើបញ្ហានេះ ដោយគ្រោងសាងសង់គារ និងបន្ថែមគ្រែសម្រាប់អ្នកជំងឺឲ្យដល់ចំនួន៥០០គ្រែនាពេលខាងមុខ។
ក្រុមថ្នាក់ដឹកនំាវិស័យសុខាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ានដែលបានធ្វើទស្សនកិច្ចស្វែងយល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ បានសម្តែងការកោតសសើរចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ ហើយមានគុណភាព ដែលនេះគឺជាចំណុចដែលថ្នាក់ដឹកនំាវិស័យសុខាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ានចង់បាន៕

មន្ដ្រីអាស៊ានធ្វើទស្សនកិច្ចស្វែងយល់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *