អូឡាំពិកកម្ពុជាផ្តល់ចំណេះដឹងផ្នែកកីឡាជូនដល់អ្នកសារពត៌មានកីឡា និងមន្ត្រីកីឡា ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គរដ្ឋបាលកីឡាស្ដីពី អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា ដើម្បីបង្កើតការអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជូនដល់មន្ត្រីកីឡាមកពីបណ្តាសហព័ន្ធកីឡាជាតិនានា និងអ្នកសារពត៌មានកីឡាជាតិ ដែលមកពីអង្គការសារពត៌មាននានា ទូទាំងប្រទេស ដោយមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សារពត៌មានកីឡា គឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន ដោយកាលណាអ្នកសារពត៌មានកីឡាបានយល់ដឹងពីចំណេះដឹងជ្រៅជ្រះពីវិស័យកីឡា នោះអ្នកសារពត៌មានកីឡានឹងអាចផ្សព្វផ្សាយតាមរយៈសំណេររបស់ខ្លួនជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ឯកឧត្តមបន្ថែមថា ពត៌មានកីឡា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបំផុសការផ្សព្វផ្សាយ តាមរយៈសហព័ន្ធកីឡាជាតិ ប្រកបដោយវិជ្ជាជីវៈ ស្របតាមភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្ន ដើម្បីរួមចំណែកឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ ដូច្នេះអ្នកសារពត៌មានត្រូវស្វែងយល់បន្ថែមពីបច្ចេកទេសកីឡា ដើម្បីឲ្យសំណេរអត្ថបទរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកាន់តែល្អប្រសើរ ស្របតាមបច្ចេកទេសកីឡាផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមពីសំណាក់តំណាងសហព័ន្ធកីឡាជាតិ និងតំណាងអង្គការសារពត៌មានជាង ៦០នាក់។ ក្នុងនោះក៏មានគ្រូឧទ្ទេសសំខាន់ៗ ដើម្បីធ្វើបទបង្ហាញជាច្រើនរួម ដូចជាឯកឧត្តម វ៉ាត់ ចំរើន, ឯកឧត្តម ជា ច័ន្ធបូរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងពត៌មាន និងឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ៕

អូឡាំពិកកម្ពុជាផ្តល់ចំណេះដឹងផ្នែកកីឡាជូនដល់អ្នកសារពត៌មានកីឡា និងមន្ត្រីកីឡា ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣

អូឡាំពិកកម្ពុជាផ្តល់ចំណេះដឹងផ្នែកកីឡាជូនដល់អ្នកសារពត៌មានកីឡា និងមន្ត្រីកីឡា ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣

អូឡាំពិកកម្ពុជាផ្តល់ចំណេះដឹងផ្នែកកីឡាជូនដល់អ្នកសារពត៌មានកីឡា និងមន្ត្រីកីឡា ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣

សហព័ន្ធកីឡាវូស៊ូកម្ពុជារៀបចំសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១

សហព័ន្ធកីឡាវូស៊ូកម្ពុជាបានរៀបចំបញ្ចប់មហាសន្និបាតអាណត្តិចាស់របស់ខ្លួន និងបន្តអាណត្តិថ្មី លើកទី៥ដែលមានរយៈពេល៤ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដែលបានធ្វើឡើងកាលពីម្សិលមិញ ជាមួយនឹងការរៀបចំសមាជិក ប្រតិបត្តិថ្មីផងដែរ។

យោងតាមរបាយការណ៍របស់សហព័ន្ធកីឡាវូស៊ូកម្ពុជាបានឲ្យដឹងថា សហព័ន្ធជំនាញកីឡាមួយនេះបានកកើតឡើងជាសហព័ន្ធផ្លូវការ សម្រាប់អាណត្តិទី១ ចាប់តាំងពីឆ្នាំ២០០០មកម្លេះ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា ជាប្រធានសហព័ន្ធរហូតដល់បច្ចុប្បន្ន។ ជាមួយនឹងការរួមកម្លាំងសាមគ្គីពីអ្នកជំនាញវូស៊ូ, សហព័ន្ធនេះផលិត បាននូវធនធានកីឡាករ កីឡាការិនីជារៀងរាល់ឆ្នាំ និងបានអភិវឌ្ឍជារួមលើផ្នែកគ្រប់គ្រងរដ្ឋបាល បច្ចេកទេសផងដែរ។ កីឡាវូស៊ូបានលេចធ្លោយ៉ាងខ្លាំងនៅចន្លោះឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៦ ដោយធ្លាប់បានបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិ ដោយទទួលជោគជ័យយ៉ាងខ្លាំងផងដែរ ក្នុងនោះបានឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ជាច្រើនគ្រឿង ទាំងក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម និងការប្រកួតថ្នាក់ពិភពលោក នៅប្រទេសចិនទាំងពីរលើក ពោលគឺកាលពីឆ្នាំ២០០៩ វូស៊ូកម្ពុជាឈ្នះមេដាយប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿង និងនៅឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កម្ពុជាឈ្នះមេដាយប្រាក់៧គ្រឿង និងសំរិទ្ធ១៤គ្រឿងផងដែរ។

សូមបញ្ជាក់ថា ក្លឹបកីឡាវូស៊ូ ក្រោមឱវាទរបស់សហព័ន្ធ មានចំនួន១៦ក្លឹប ដោយតំណាងក្លឹបទាំងនេះ រួមទាំងសមាជិកប្រតិបត្តិ ដែលមានសិទ្ធិបានសម្រេចបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្ត ជូនដល់សមាជិកប្រតិបត្តិអាណត្តិថ្មី ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា ឈូដា បន្តជាប់ឆ្នោតជាប្រធានសហព័ន្ធដដែល និងអមដោយអនុប្រធាន លោក ជឿម សាវឿត, អគ្គលេខាធិការ លោក ម៉ៅ ចាន់ថាវុធ និងលោកស្រី កៅ សុធារី ជាអគ្គហិរញ្ញឹក។ ក្រៅពីនេះក៏នៅមានសមាជិកប្រតិបត្តិជាច្រើនរូបទៀតផងដែរ៕

សហព័ន្ធកីឡាវូស៊ូកម្ពុជារៀបចំសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១

សហព័ន្ធកីឡាវូស៊ូកម្ពុជារៀបចំសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១

សហព័ន្ធកីឡាវូស៊ូកម្ពុជារៀបចំសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១

សហព័ន្ធកាយសម្ព័ន្ធកម្ពុជាសាកល្បងសមត្ថភាពយុវជនថ្នាល ចំនួន៣០នាក់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបចំសាកល្បងជ្រើសរើសយុវជនថ្នាលកាយសម្ព័ន្ធអាយុក្រោម១៥ឆ្នាំចំនួន៣០នាក់ ដែលទទួលបានការសហការពីអង្គការសាមគ្គីអន្តរជាតិ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដើម្បីស្វែងរកកីឡាករ កីឡាការិនីថ្នាក់មូលដ្ឋាន ដែលមានទេពកោសល្យល្អ យកទៅបណ្តុះបណ្តាលបន្ត ត្រៀមលក្ខណៈឲ្យបានពេញលិញ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងនៅសាលហ្វឹកហាត់កីឡាកាយសម្ព័ន្ធពហុកីឡដ្ឋានជាតិថា កម្មវិធីនេះបានប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ នៅដើមសប្តាហ៍នេះ ដោយមានថ្នាលយុវជនកីឡាកាយសម្ព័ន្ធមកពីខេត្តចំនួន៣ គឺខេត្តក្រចះ មាន១៦នាក់, ខេត្តតាកែវ ០៦នាក់ និងខេត្តកំពង់ឆ្នាំង មានចំនួន ០៨នាក់។ វិញ្ញាសាដែលដាក់ឲ្យប្រកួតសាកល្បង មាន៦វិញ្ញាសា រួមនា៖ កម្រាល សេះលោត កង របារស្រប, សេះកង, Ring, និងរបារ។ លោកបន្ថែមទៀតថា កម្មវិធីនេះជ្រើសរើសយកតែកីឡាករ ដែលមានសមត្ថភាព៤នាក់ប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតប្រជែងសាកល្បងបន្ត ជាលើកទី២ នាពេលខាងមុខ ដើម្បីឲ្យពួកគេក្លាយជាកីឡាករ ដែលមានលក្ខណៈពេញលេញ សមត្ថភាពខ្ពស់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឆ្លងកាត់ការធ្វើតេស្តិ៍រយៈពេល៣ថ្ងៃនោះ លោកសង្កេតឃើញថា យុវជនមកពីខេត្តក្រចះមានកម្រិតខ្ពស់ជាងគេ ខណៈខេត្តចំនួនពីរផ្សេងទៀត គឺខេត្តកំពង់ឆ្នាំ និងខេត្តតាកែវ មានកម្រិតបច្ចេទេសប្រហាក់ប្រហែលគ្នា។

អគ្គលេខាធិការរូបនេះអះអាងថា តាមរយៈកម្មវិធីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលអាចធ្វើឲ្យកីឡាករវ័យក្មេងប្រភេទកីឡាកាយសម្ព័ន្ធមានការប្រកួតប្រជែង ហើយតាមការគ្រោងទុក សហព័ន្ធជំនាញមួយនេះ មានគម្រោងរៀបចំការប្រកួតសាកល្បងសម្រាប់ថ្នាលយុវជនបែបនេះជារៀងរាល់ឆ្នាំ ដោយគម្រោងនេះទទួលបាន ការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧកញ៉ា សុខ ហុង អនុប្រធានកីឡាកាយសម្ព័ន្ធកម្ពុជារួចហើយផងដែរ៕

សហព័ន្ធកាយសម្ព័ន្ធកម្ពុជាសាកល្បងសមត្ថភាពយុវជនថ្នាល ចំនួន៣០នាក់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

សហព័ន្ធកាយសម្ព័ន្ធកម្ពុជាសាកល្បងសមត្ថភាពយុវជនថ្នាល ចំនួន៣០នាក់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

សហព័ន្ធកាយសម្ព័ន្ធកម្ពុជាសាកល្បងសមត្ថភាពយុវជនថ្នាល ចំនួន៣០នាក់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

Messi ធ្វើបាន hat-trick ជួយអាហ្សង់ទីនទៅ World Cup ២០១៨ នៅរុស្ស៊ី

កំពូលខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Lionel Messi បានធ្វើរឿងយ៉ាងអស្ចារ្យតាមរយៈការស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (hat-trick) ដើម្បីជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន បានសំបុត្រយន្តហោះទៅ World Cup ឆ្នាំ២០១៨នៅរុស្ស៊ីដោយស្វ័យប្រវត្តិ។

ការប្រកួតជម្រុះដ៏តានតឹងបំផុតប្រចាំទ្វីបអាមេរិកខាងត្បូង ដោយមុនការប្រកួតអាហ្សង់ ទីនគឺស្ថិតនៅលំដាប់លេខ៦ ជាកន្លែងគ្មានឱកាសទៅ World Cup ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរ មកវិញ ក្រោយពីសមាជិកក្រុម FC Barcelona វ័យ៣០ឆ្នាំរូបនេះធ្វើបាន hat trick ដើម្បីជួយ ឲ្យអាហ្សង់ទីនយកឈ្នះក្រុមម្ចាស់ផ្ទះអេក្វាទ័រ ៣-១។

សម្រាប់ការប្រកួតនេះម្ចាស់ផ្ទះអេក្វាទ័រនាំមុខ ១-០ មុននៅ១នាទីដំបូងនៃវគ្គទី១ដោយ ខ្សែបម្រើ Romario Ibarra ធ្វើឲ្យអាហ្សង់ទីនកាន់រងសម្ពាធខ្លាំង។ ប៉ុន្តែអ្វីៗប្រសើរឡើងវិញ បន្ទាប់ពី Messi ស៊ុតតាមស្មើនៅនាទី១១ ហើយនៅនាទី១៨ Messi បន្ថែម១គ្រាប់ទៀត ហើយ នៅវគ្គទី២ម្ចាស់ពាន FIFA Ballon d’Or ៥សម័យជំនាញជើងឆ្វេងរូបនេះដដែលបានបន្ថែមគ្រាប់ទី៣ឲ្យអាហ្សង់ទីនមានសំបុត្រយន្តហោះទៅរុស្ស៊ីឆ្នាំក្រោយ។

សូមបញ្ជាក់ថា ក្រុមខ្លាំងទាំង៤ប្រចាំទ្វីបអាមេរិកឡាទីនបានទៅ World Cup នៅរុស្ស៊ី នាឆ្នាំក្រោយរួមមាន ៖ ប្រេស៊ីល, អ៊ុយរូហ្គាយ, អាហ្សង់ទីន, កូឡុំប៊ី និងលេខ៥តំណែង Play-off បានទៅលើប៉េរូនឹងត្រូវប្រកួតទល់នឹងក្រុមជើងឯកប្រចាំតំបន់អូសេអានី គឺក្រុមជម្រើស ជាតិនូវែលសេឡង់ ខណៈក្រុមខ្លាំងស៊ីលីបាត់បង់ឱកាស World Cup យ៉ាងគួរឲ្យសោកស្ដាយ៕

Messi ធ្វើបាន hat-trick ជួយអាហ្សង់ទីនទៅ World Cup ២០១៨ នៅរុស្ស៊ី

Messi ធ្វើបាន hat-trick ជួយអាហ្សង់ទីនទៅ World Cup ២០១៨ នៅរុស្ស៊ី

Ronaldo, Messi និង Neymar នាំមុខគេ ក្នុងចំណោមកីឡាករ៣០នាក់ចុងក្រោយ ពាន Ballon d’Or

Ronaldo, Messi និង Neymar នាំមុខគេ ក្នុងចំណោមកីឡាករ៣០នាក់ចុងក្រោយ ពាន Ballon d'Or

បន្ទាប់ពីទស្សនាវដ្ដី France Football ​របស់​បារាំង​​ ដែល​ជា​អ្នក​រៀបចំ​​ពាន Ballon d’Or បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​​កីឡាករ​៣០​នាក់​ចុង​ក្រោយ ដែល​​ជា​បេក្ខភាព​​ដណ្ដើម​ពាន​ប្រចាំ​ឆ្នាំ​មួយ​​នេះ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថា Cristiano Ronaldo, Lionel Messi និង Neymar Neymar នៅតែមានសង្ឃឹមខ្ពស់ជាងគេដដែល។

 

ក្នុង​បញ្ជីនោះ​​គេ​ឃើញ​កីឡាករ​មក​ពី​ក្រុម Real Madrid ​ម្ចាស់​ពាន Champions League ឆ្នាំ​មុន​មាន​ដល់​ទៅ​៧​នាក់ លើស​ក្រុម​ផ្សេង​ៗ មានដូចជា Ronaldo, Sergio Ramos, Marcelo, Toni Kroos, Luka Modric, Isco និង Karim Benzema ខណៈ​កីឡាករ​មក​ពី​លីគ​អង់គ្លេស​ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

 

ដូចគ្រប់គ្នាដឹងស្រាប់ហើយថាពានដែលកីឡាករបាល់ទាត់គ្រប់រូបស្រមៃចង់បាននេះ ៩ឆ្នាំចុងក្រោយ មានតែកីឡាករព័រទុយហ្គាល់ Ronaldo និងកីឡាករអាហ្សង់ទីន Messi ប្ដូរវេនគ្នាលើកពាននេះ ដោយខ្សែប្រយុទ្ធមាឌល្អិតរបស់ក្រុមអ្នកមានបុណ្យ Barcelona ឈ្នះបាន៥ដង រីឯខ្សែប្រយុទ្ធរបស់អធិរាជស Real Madrid បាន៤ដង។

 

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ដែលចេញពី Barcelona ទៅចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain ក្នុងតម្លៃជាកំណត់ត្រារបស់ពិភពលោក ២២២លានអឺរ៉ូ (២៦៤លានដុល្លារ) ត្រូវបានគេមើលឃើញថាកំពុងរំកិលខ្លួនបន្តិចម្ដងមកជំនួសអតីតមិត្តរួមក្រុមរបស់ខ្លួន Messi។

 

កីឡាករដែលមិនអាចមើលរំលងដែរនោះ គឺ​ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane របស់ក្រុម Tottenham Hotspur និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe ដែលបច្ចុប្បន្នលេងជាមួយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងពី Monaco និងដែលត្រៀមខ្លួនក្លាយជាសមាជិកផ្លូវការ នៅរដូវក្ដៅឆ្នាំក្រោយជាមួយនឹងតម្លៃខ្លួនថ្លៃលំដាប់ទី២របស់ពិភពលោក ព្រោះថាកីឡាករទាំងពីររូបនេះ កំពុងបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ទាំងនៅក្រុមជម្រើសជាតិ និងក្រុមអាជីព៕

អូស្រ្តាលីបញ្ចប់ក្តីសុបិនទៅ World Cup របស់ស៊ីរីនៅម៉ោងបន្ថែមពិសេស

អូស្រ្តាលីបញ្ចប់ក្តីសុបិនទៅ World Cup របស់ស៊ីរីនៅម៉ោងបន្ថែមពិសេស

ខ្សែប្រយុទ្ធចាស់វស្សា Tim Cahill រកបាន២គ្រាប់រាប់បញ្ចូលទាំងគ្រាប់នៅម៉ោងពិសេស ១៥នាទី២ដង ដើម្បីជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលីបន្តក្តីសង្ឃឹមក្នុងព្រឹតិ្តការណ៍បាល់ទាត់ ពិភពលោកឆ្នាំ២០១៨នៅរុស្ស៊ី បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិស៊ីរីដែលកំពុងហែកហួរដោយសង្រ្គាម ២-១ ជើងទី២វគ្គជម្រុះប្រចាំទ្វីបអាស៊ីកាលពីយប់មិញ។

សរុបលទ្ធផលទាំង២ជើង ៣-២ នាំឲ្យអូស្ត្រាលីបានតំណែងប្រកួត Play-off ទល់នឹងលេខ៤មកពីតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន (CONCACAF) គឺក្រុម ជម្រើសជាតិហុងឌូរ៉ាសនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខសម្រាប់ជើងទី១ និងជើងទី២នៅថ្ងៃទី១៤ ខែវិច្ឆិកាដដែល។

ក្នុងការប្រកួតនេះ ម្ចាស់ផ្ទះអូស្ត្រាលីត្រូវក្រុមភ្ញៀវស៊ីរីនាំមុខតាំងនាទី៦ដោយ Omar Al Somah ប៉ុន្តែអ្វីៗហាក់ធូរស្រាលឡើងវិញ បន្ទាប់ពី Tim Cahill ស៊ុតតាមស្មើនៅនាទី១៣ លទ្ធ ផលនេះរក្សាដល់ចប់ការប្រកួត៩០នាទី ហើយក៏ឈានដល់ម៉ោងបន្ថែមពិសេស១៥នាទី២ដង អតីតសមាជិកក្លិប Everton វ័យ៣៧ឆ្នាំ Cahill ស៊ុតគ្រាប់ទី២ឲ្យអូស្ត្រាលីបញ្ចប់កី្តស្រមៃបាន លេង World Cup របស់ស៊ីរីនៅនាទី១០៩។

គួររំលឹកថា ក្រុមខ្លាំងទាំង៤ប្រចាំទ្វីបអាស៊ីទៅ World Cup ឆ្នាំក្រោយរួមមាន ៖ អ៊ីរ៉ង់, ជប៉ុន, កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត៕

Sam Bennett ឈ្នះថ្ងៃបើកឆាកការប្រណាំងកង់ Tour of Turkey

Sam Bennett ឈ្នះថ្ងៃបើកឆាកការប្រណាំងកង់ Tour of Turkey

កីឡាករប្រណាំងកង់អាជីពសញ្ជាតិអៀរឡង់ Sam Bennett បានសម្តែងនូវការរំភើប ចិត្តយ៉ាងខ្លាំង ក្រោយពីរូបគេយកឈ្នះថ្ងៃបើកឆាកព្រឹត្តិការណ៍ប្រណាំងកង់ក្នុងកម្មវិធី Tour of Turkey កាលពីថ្ងៃអង្គារម្សិលមិញ។

Sam Bennett សមាជិកក្រុម Bora-Hansgrohe យកឈ្នះដំណាក់កាលដែលមានចម្ងាយផ្លូវ១៧៦.៧គីឡូម៉ែត្រដោយប្រើថិរវេលា៣ម៉ោង ៥៧នាទី និង២៦វិនាទី លេខ២បានទៅលើកីឡាករអ៊ីតាលី Marco Benfatto សមាជិកក្រុម Androni លេខ៣បានទៅលើកីឡាករ សញ្ជាតិបែលហ្ស៊ិក Edward Theuns និងលេខ៤កីឡាករអ៊ីតាលី Simone Consonni ជិះឲ្យ ក្រុម UAE Tream Emirates។

សូមបញ្ជាក់ថា ការប្រណាំងកង់ Tour of Turkey ប្រចាំឆ្នាំ២០១៧នេះមានទាំងអស់៦ដំណាក់កាលដែលបានចាប់ផ្តើមការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា៕

 

លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១

លោកឧកញ៉ា គង់ រិទ្ធីជព្វ បានក្លាយជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅក្នុងអាណត្តិថ្មី ឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ បន្ទាប់ពីសមាជិកប្រត្តិ និងអ្នកតំណាងមកពីបណ្តាលក្លិប-សមាគមកីឡាទ្រីយ៉ាត្លង់បោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តជូនដល់ឲ្យលោកក្លាយជាប្រធានដឹកនាំដដែល នៅក្នុងមហាសន្និបាតសហព័ន្ធរបស់ខ្លួន​ កាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លទ្ធផលពីការបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនដឹកនាំ សម្រាប់អាណត្តិថ្មីនេះ រួមមាន៖ លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប្រធាន, អ្នកស្រីម៉ក់ វណ្ណស៊ីថា អនុប្រធានទី១, លោកស្រី ហួត ចាន់ដានី អនុប្រធានទី២, លោក ងិន សុខបញ្ញា អគ្គលេខាធិការ កញ្ញា ញ៉ែម សុភា អគ្គលេខាធិការរង។

លោក ងិន សុខបញ្ញា បានបង្ហាញជូនអង្គមហាសន្និបាតថា ក្នុងឆ្នាំ២០១៧នេះ មានចំណុចខ្លាំងជាច្រើនដូចជាថ្នាក់ដឹកនាំ គ្រូងបង្វឹក និងកីឡាករ-កីឡាការិនីមានការសាមគ្គីផ្ទៃក្នុង ល្អណាស់ ហើយបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងបង្កើតកីឡាករជម្រើសជាតិ ថែមទំាងចូលរួមការប្រកួតកីឡា SEA GAMES លើកដំបូងទៀត ក្រៅពីនេះទ្រីយ៉ាត្លុងកម្បុជាឈ្នះមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងនៃការប្រកួតប្រចាំតំបន់នៅថៃ កាលពីពេលកន្លងទៅ។

លោកបានបន្តថា ចំពោះចំណុចខ្សោយវិញ គឺខ្វះសម្ភារៈហ្វឹកហាត់ ថវិកាជួយទ្រទ្រង់សហព័ន្ធ និងនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រពិបាកក្នុងការហ្វឹកហាត់។ ខ្វះអាហារូបត្ថម្ភ ដែលនាំឲ្យសមត្ថភាពកីឡាករ-កីឡាការិនីនៅមានកម្រិត ហើយការប្រកួតក្រៅប្រទេស និងក្នុងប្រទេសមានចំនួនតិចតួចនៅឡើយ ដែលធ្វើឲ្យកីឡាករពុំមានបទពិសោធន៍ច្រើននៃការប្រកួតជាលក្ខណៈអន្តរជាតិ និងធ្វើឲ្យកពុំទទួលបានមេដាយនៅ SEA GAMES ជាដើម៕

លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១

លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១

លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១

គណៈកម្មការបច្ចេកទេសប្រណាំងសេះ 7NGទុកឱកាសឲ្យសេះលំដាប់ អន្តរជាតិ ពូលA ប្រកួតនាខែធ្នូ ដណ្តើមប្រាក់រង្វាន់ ២ម៉ឺន៥ពាន់ដុល្លារ

ការប្រកួត​កីឡា​ប្រណាំង​សេះ​ដណ្តើម​ពាន​រង្វាន់ SCT Sport Complex នៅក្នុងតំបន់អភិវឌ្ឍនៃក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រចាំ​ខែ​តុលា កាល​ពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បាន​ដំណើរការប្រកួត​ដោយ​គ្មាន​វត្តមាន​សេះ​ខ្លាំងៗលំដាប់​ស្តង់ដារ​អន្តរជាតិ​ ស្ថិត​ក្នុង​ពូល A នោះ​ទេ គឺមាន​តែ​ការ​ប្រណាំង​សេះ​ក្នុង​ស្រុក​ស្ថិត​នៅ​ពូល​ផ្សេងៗ​ទៀត ដែលជាប្រភេទសេះទាបជាង ពូលA ដោយគណៈកម្មការបច្ចេក ទេសនៃព្រឹត្តិការណ៍នេះទុកឱកាសឲ្យបណ្តាសេះខ្លាំងៗនានាសម្រាកការប្រកួតចំនួន២ខែ ដើម្បីបានស្ថារថាមពលកម្លាំងឲ្យកាន់តែខ្លាំងក្លា សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ នាខែធ្នូ ឆ្នាំ២០១៧ ជាមួយប្រាក់រង្វាន់ដ៏ធំសម្បើមរហូតដល់ ២ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។

​លោក អឿន សុផល អ្នកជំនាញ​ថែទាំ​សេះ​នៅ​ទីលាន SCT Sport Complex មានប្រសាសន៍​ថា ក្នុងរយៈពេល២ខែនេះ ពោលគឺខែតុលានេះ និងនៅខែវិច្ឆិកា ខាងមុខ នឹងមិនមានការប្រកួត​សេះ​លំដាប់អន្តរជាតិ ក្នុងពូល A នោះឡើយ ដោយសារ​សេះ​របស់​យើង​ទុក​សម្រាប់​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់ ២៥ ០០០ ដុល្លារ​នៅ​ខែធ្នូ ក្នុងគោលបំណងឲ្យសេះមានលទ្ធភាពកាន់តែល្អ និងថែទាំបំប៉នសុខភាព​សេះ ​ពូល A ជាមួយនឹងបណ្តាសេះខ្លាំងលំដាប់អន្តរជាតិមកពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ។

លោក​បន្ថែម​ថា ការប្រកួត​ផ្តាច់ព្រ័ត្រ ប្រចាំ​ឆ្នាំ ២០១៧ នៅ​ខែធ្នូ ខាងមុខនេះមាន​សេះ​ពី​ប្រទេស​ថៃ និង​វៀតណាមមក​ប្រកួត​ដណ្តើម​ប្រាក់ ២៥០០០ ដុល្លារ​ជាមួយ​សេះ​នៅ​ក្នុង​កសិដ្ឋាន​ 7NG ដែរ ដោយ​គណៈកម្មការតម្រូវ​ឲ្យ​មាន​សេះចំនួន ១៦ក្បាល​ ប៉ុន្តែ​ចំពោះ​ចំនួន​សេះ​មកពី​ប្រទេស​ជិតខាង យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ ឯខាង​យើង បាន​ត្រៀម​សេះ​ចំនួន ១២ ក្បាល សម្រាប់​ត្រៀម​ការប្រកួត​ដណ្តើម​យក​ពាន​ធំ​។

ចំពោះលទ្ធផលនៃការប្រកួតសេះ ក្នុងពូលផ្សេៗ ក្រៅពីពូលA នេះរួមមាន៖ ​នៅ​ពូល D និង​ពូល E ដែល​មាន​សេះ​សរុប​ចំនួន ៤១ ក្បាល ដោយ​មាន​ការគាំទ្រ​ខ្លាំង​ដូចការ​ប្រកួត ប្រចាំ​ខែ​កន្លង​មក​ដែរ ព្រោះ​ការប្រកួត​រវាង​សេះ​ក្នុង​ស្រុក​នេះ ក៏​នឹង​ត្រូវ​ជ្រើសរើស​សេះ​ល្អៗ យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​ឆ្នាំ ២០១៧ តាម​ពូល​នីមួយៗ យក​ពាន​តូច អម​ជាមួយ​ការប្រកួត​យកពាន​ធំ​ប្រចាំ​ពូល A នៅ​ខែ​ធ្នូ ផងដែរ។ ជាមួយគ្នានោះ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងនៃក្រុមហ៊ុន 7NG បានអញ្ជើញចូលរួមផ្តល់កិត្តិយសផ្តល់ប្រាក់រង្វាន់ និងលើកទឹកចិត្តជូនដល់កីឡាករជិះសេះ ក្នុងខែនីមួយៗផងដែរ៕

គណៈកម្មការបច្ចេកទេសប្រណាំងសេះ 7NGទុកឱកាសឲ្យសេះលំដាប់ អន្តរជាតិ ពូលA ប្រកួតនាខែធ្នូ ដណ្តើមប្រាក់រង្វាន់ ២ម៉ឺន៥ពាន់ដុល្លារ

គណៈកម្មការបច្ចេកទេសប្រណាំងសេះ 7NGទុកឱកាសឲ្យសេះលំដាប់ អន្តរជាតិ ពូលA ប្រកួតនាខែធ្នូ ដណ្តើមប្រាក់រង្វាន់ ២ម៉ឺន៥ពាន់ដុល្លារ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងវប្បធម៌ ចែកគ្នា ម្នាក់១ពិន្ទុ ក្នុងពូលB ព្រឹត្តិការណ៍អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៧

ក្រុមបាល់ទាត់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចែកគ្នាបានម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាបានលទ្ធផលស្មើគ្នា ១ទល់១ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុដំបូង ក្នុងពូលB កាលពីយប់មិញ នៃការប្រកួតដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន នៅទីលាន Premium Sport Club ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC។

អតីតក្រុមជ័យលាភីលេខ៤ រដូវកាលចាស់ ២០១៦ កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគេ ស្គាល់ថាជាក្រុមខ្លាំងមួយ អាចឡើងដល់ជុំផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន ក្នុងចំណោម ២៩ក្រុមនោះ នៅតែរក្សាភាពខ្លាំង របស់ខ្លួន សម្រាប់រដូវកាលថ្មី ២០១៧នេះ ដែលមានក្រុមចូលរួមចំនួន ៣០ក្រុម​ ដោយចែកចេញជា៧ពូល។ ដោយ ឡែកក្នុងពូលB នេះ គឺមាន៤ក្រុម គឺក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សាលាដំបូងរាជធានីភ្នំពេញ និងក្រុមអាជ្ញាធរសវនកម្មជាតិ។

កីឡាករ អ៊ុក ង៉ែត តំណាងក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្រាប់ការប្រកួត កាលពីយប់មិញនេះជាមួយក្រុមក្រសួងវប្បធម៌ គឺជាជំនួបដ៏តឹងតែងមួយ ដោយមិនអាចស្វែងរកបាន៣ពិន្ទុឡើយ ពោលគឺបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ដោយលទ្ធផល ស្មើគ្នា ១ទល់១។

ចំណែកឯតំណាងក្រុមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, កីឡាករ គង់ សុធារិទ្ធ បានឲ្យដឹងដែរថា បើទោះបីជាខ្លួនដឹងថា ក្នុងពូលB នេះជាក្រុមខ្លាំងក៏ដោយ ក៏សមាជិកក្រុមទាំងអស់បានប្តេជ្ញាចិត្តរួមគ្នាបន្តការប្រកួតក្រោយៗទៀតឲ្យបានល្អ ពោលគឺធ្វើយ៉ាងណាឲ្យឆ្លងផុតវគ្គចែកពូលនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៥ រដូវកាលថ្មី ឆ្នាំ២០១៧នេះ បានចាប់ដំណើរការពីចុងសប្តាហ៍កន្លងទៅ និងគ្រោងបញ្ចប់នាថ្ងៃទីសៅរ៍ ទី១៦ ខែធ្នូ ខាងមុខ ជាមួយនឹងពិធីប្រគល់ពានរង្វាន់បិទកម្មវិធីផងដែរ។ ស្មារតីនៃព្រឹត្តិការណ៍បាល់ទាត់ក្រៅអាជីពមួយនេះបានប្រារព្ធធ្វើឡើងក្នុងគោលដៅឲ្យកីឡាករជាមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាបានចូលរួមលេងកីឡាដើម្បី សុខភាព មិត្ត ភាព និងសាមគ្គីភាព ព្រមទាំងចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។ ថវិកាដែលបានមកពីវិភាគទាននានា និងប្រាក់រង្វាន់ម្ចាស់ជ័យលាភីនឹងត្រូវបរិច្ចាគទៅកាន់កិច្ចការមនុស្សធម៌ទៀតផង៕

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងវប្បធម៌ ចែកគ្នា ម្នាក់១ពិន្ទុ ក្នុងពូលB ព្រឹត្តិការណ៍អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៧

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងវប្បធម៌ ចែកគ្នា ម្នាក់១ពិន្ទុ ក្នុងពូលB ព្រឹត្តិការណ៍អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៧

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងវប្បធម៌ ចែកគ្នា ម្នាក់១ពិន្ទុ ក្នុងពូលB ព្រឹត្តិការណ៍អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៧