ក្រសួងបរិស្ថានគ្រោងបិទមិនឱ្យនាំចូលផលិតផលប្លាស្ទីក

ភ្នំពេញ៖ក្រសួងបរិស្ថានគ្រោងបិទមិនឱ្យនាំចូលផលិតផលប្លាស្ទីកដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងបរិស្ថាននៅកម្ពុជា ខណៈដែលការបោះចោលក្នុងដីបន្ទាប់ពីប្រើប្រាស់ផលិតផលប្លាស្ទីកទាំងនោះហើយ  គឺមិនរលាយក្នុងបរិស្ថាន។

លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់«វេទិកានិពន្ធនាយកស្តីការពីការចូលរួមលើកកម្ពស់បរិស្ថាន» នៅថ្ងៃទី៦ខែតុលានាភោជនីយដ្ឋានទន្លេបាសាក់២ក្នុងរាជធានីភ្នំពេញថាក្រសួងកំពុងពិនិត្យមើលនិងបានកំណត់ប្រភេទផលិតផលប្លាស្ទីកដូចជាថង់ប្លាស្ទិចកំប៉ុងដប ដែលប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងការវេចខ្ចប់សព្វថ្ងៃហើយមិនងាយរលាយក្នងដីដើម្បីស្នើឲ្យសុំរដ្ឋាភិបាលឲ្យហាមឃាត់ការនាំចូល។លោកបានពន្យល់អំពីផលប៉ះពាល់របស់ដល់សុខភាពមនុស្សជីវៈចម្រុះធ្ងន់ធ្ងរ និងបរិស្ថានសង្គមដែលបានបណ្តាលមកពីការប្រើប្រាស់ផលិតផលប្លាស្ទីក។

ជាមួយនឹងគម្រោងបិទមិនឱ្យនាំចូលផលិតផលប្លាស្ទីកនេះ.ឧរដ្ឋមន្ត្រីបរិស្ថានបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបទដោយបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីកសម្រាប់ការវេចខ្ចប់មុខទំនិញហើយងាកមកប្រើប្រាស់សំភារៈផលិតពីវត្ថុធាតុដើមពីធម្មជាតិដែលងាយរលាយក្នុងដី ដូចជាស្លឹកចេកស្លឹកឈូកថង់ក្រដាសកន្ត្រកធ្វើអំពីរុក្ខជាតិផ្តៅឬស្សីរឺវល្លិ៍ មកជំនួសវិញ។

 លោកសនជ័យនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានមានប្រសាសន៍​​គាំទ្រចំពោះគម្រោងដើម្បីទប់ស្កាត់ការនាំចូលផលិតផលប្លាស្ទីកនេះប៉ុន្តែលោកបានបញ្ជាក់ថាក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគួរលើកទឹកចិត្តឲ្យប្រជាពលរដ្ឋឱ្យដាំដើមឈូកដើមចេករុក្ខជាតិផ្តៅនិងឬស្សីរឺវល្លិ៍ដើម្បីប្រើប្រាស់ជំនួសផលិតផលប្លាស្ទីក ហើយបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចទៀតផង។

តាមរបាយការណ៍ក្រសួងបរិស្ថានបានឱ្យដឹងថាប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទីកជាមធ្យមចំនួនជាង២០០០ថង់ក្នុងមួយឆ្នាំគឺច្រើនជាង១០ដងបើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនិងប្រទេសចិន។

សូមបញ្ជាក់ថា ផលិតផលប្លាស្ទីកបាននាំចូលពីប្រទេសជិតខាងនិងបានផលិតនៅក្នុងស្រុកមួយចំនួន។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកឱ្យបាន​​៥០ភាគរយនៅឆ្នាំ២០១៩និង ៧០ភាគ រយ នៅឆ្នាំ២០២៥ក្នុងគោលដៅធានាបានសុវត្ថិភាពកិច្ចគាំពារសុខភាពសាធារណៈសោភណ័ភាពនិងគុណភាពបរិស្ថាន។

ជាមួយគ្នានេះក្រសួងបរិស្ថានគ្រោងចាប់អនុវត្តនៅដើមឆ្នាំក្រោយនូវការយកកម្រៃបន្ថែមចំនួន៥០០រៀលពីអតិថិជនសម្រាប់ការប្រើប្រាស់ថង់ប្លាស្ទីកចំនួនមួយដែលនឹងអនុវត្តនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មទីផ្សារទំនើបៗក្នុងប្រទេសកម្ពុជា

 

ក្រសួងបរិស្ថានគ្រោងបិទមិនឱ្យនាំចូលផលិតផលប្លាស្ទីក

មន្ដ្រីពីតំបន់ទន្លេមេគង្គក្រោមនិងអាមេរិចប្រជុំគ្នានៅកម្ពុជាផ្ដោតផលប្រយោជន៍រួមគឺទឹក ស្បៀង និងថាមពល

ភ្នំពេញ៖ ប្រទេស៥នៅក្នុងតំបន់ទន្លេមេគង្គក្រោម មានកម្ពុជា ភូមា ថៃ វៀតណាម និងឡាវ ដែលមានការចូលរួមសហប្រតិបត្តការជាមួយសហរដ្ឋអាមេរិក គឺមានគំនិតរូមគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នា ដែលផ្តោតទៅលើចំណុចគោលសំខាន់បី គឺពង្រឹងការគ្រប់គ្រងទឹក សន្តិសុខស្បៀង និងថាមពល។នេះបើមតាមមន្ដ្រីកម្ពុជាបានអោយដឹងនៅថ្ងៃទី១៩តុលានេះ។

មន្ដ្រីពីតំបន់ទន្លេមេគង្គក្រោមនិងអាមេរិចប្រជុំគ្នានៅកម្ពុជាផ្ដោតផលប្រយោជន៍រួមគឺទឹក ស្បៀង និងថាមពល
ក្នុងកិច្ចប្រជុំលើកទី៩នៃប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម រៀបចំធ្វើនៅកម្ពុជានិងមានការចួលរួមពីបណ្តាប្រទេសជាសមាជិក មានកម្ពុជា ភូមា ថៃ វៀតណាម និងឡាវ និងអាមេរិកជាដៃគូសហការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ លោកសុខ ស៊ីផាន់ណា ឧត្តមមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ថ្លែងថា៖ “គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺសហការ ធ្វើការផ្លាស់ប្តូរយោបល់គ្នា និងទាញយកចំណុចរួមមួយដើម្បីធ្វើការពង្រឹង ការអភិវឌ្ឍន៍ អនុតំបន់ទន្លេមេគង្គ ដែលពាក់ព័ន្ធគ្នាលើគ្រប់វិស័យ ជាពិសេសផ្តោតសំខាន់លើបញ្ហាពង្រឹងការគ្រប់គ្រងទឹក សន្តិសុខស្បៀង និងថាមពល”។
លោកសុខ ស៊ីផាន់ណា បញ្ជាក់អោយដឹងទៀតថា៖” ក្រៅពីចំណុចសំខាន់ទាំងបីខាងលើនេះ ប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោមនេះ ក៏មានការសហការគ្នាជាមួយ អាមេរិក ចិន ជប៉ុន កូរ៉េខាត្បូង និងឥណ្ឌាផងដែរ” សំរាប់ធ្វើការអភិវឌ្ឍន៍ក្នុងមហាអនុតំបន់ទន្លេមេគង្គ អោយមានលំហូរផ្នែកសេដ្ឋកិច្ចរួមគ្នា ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចូលរួមគាំទ្រវិស័យអប់រំ កែលំអប្រព័ន្ធសុខាភិបាល ជាដើម។
ចំពោះបញ្ហាគ្រប់គ្រងទឹកលោកWilliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងថា ៖“សហរដ្ឋអាមេរិកនឹងជួយរៀបចំកម្មវិធីបរិស្ថាន នៅក្នុងអនុតំបន់ទន្លេ មេគង្គ ដើម្បីដោះស្រាយញ្ហាប្រឈម នៅពេលអនាគត”។ ហើយកម្មវិធី រួមមានការបង្កើត ព្យាករណ៍មេគង្គ ដែលជាមធ្យោបាយបែបគំរូក្នុងការធ្វើ ការទស្សន៍ទាយ ដើម្បីបង្ហាញពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ដែរថា គំរោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម ( Lower Mekong Initiative) ត្រូវបានបង្កើតឡើង ជាការឆ្លើយតប នឹងកិច្ចប្រជុំកាលពីថ្ងៃទី២៣ កក្តដា ឆ្នាំ២០០៩ រវាងលោកស្រីអតីតរដ្ឋមន្រ្តីការប្រទេសអាមេរិក Hillary Clinton និងរដ្ឋមន្រ្តីនៃប្រទេសនៅតំបន់មេគង្គក្រោម ដែលមាន កម្ពុជា ឡាវ ថៃ និងវៀតណាម នៅភូកេតប្រទេសថៃ។ រដ្ឋមន្រ្តីទាំងនោះបានយល់ស្របគ្នាថា នឹងលើកំពស់កិច្ចសហប្រតិបត្តិការគ្នាក្នុងវិស័យបរិស្ថាន សុខាភិបាល អប់រំ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
កន្លងមកសហរដ្ឋអាមេរិចបានផ្ដល់ជំនួយជាង៣៨៥លានដុល្លារអាមេរិចសម្រាប់កម្មវិធីអភិវឌ្ឍនានាក្នុងប្រទេសតំបន់ទន្លេមេគង្គក្រោម៕

ពលរដ្ឋជាង៥០០នាក់រស់នៅតំបន់សហគមន៍រ៉ែមាសស្នើប្រកបរបរជីករករ៉ែធម្មតា

ខេត្តមណ្ឌលគិរី៖ប្រជាពលរដ្ឋជាង៥០០នាក់ រស់នៅតំបន់សហគមន៏រ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បាននាំគ្នាផ្តិតមេដៃដើម្បីស្នើរសុំកិច្ចអន្តរាគមន៏ពីរដ្ឋាភិបាល ជួយឲ្យពួកគាត់អាចប្រកបរបរជីករករ៉ែ តាមគ្រួសារជាធម្មតាព្រោះ ប្រជាជនក្នុងតំបន់ខាងលើគឺពឹងផ្អែកទាំងស្រុងទៅលើមុខរបរមួយនេះ ដោយពុំមានដីសម្រាប់បង្ករបង្កើនផលដំណាំបានឡើយ។

នៅក្នុងលិខិតដែលក្រុមសហគមន៏សិប្បកររ៉ែមាសបានស្នើរសុំរួមជាមួយស្នាមមេដៃចំនួន៥២៧នាក់ បានឲ្យដឹងថា តំបន់សហគមន៏រ៉ែមាសចុងផ្លាស់ ជាតំបន់ដែលពួកខ្ញុំរស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាស តាមបែបបុរាណលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៨មកម្លេះ រហូតដល់ឆ្នាំ២០១៥ ទើបក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស(ទ្រង់ទ្រាយតូច)ដល់សហគមន៏សិប្បកររ៉ែចុងផ្លាស់យើងខ្ញុំ ដោយកំណត់ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ ។ប៉ុន្តែរយៈពេលមួយឆ្នាំជាងមកនេះ ក្រោយពីពួកយើងខ្ញុំអនុវត្តន៏តាមការកំណត់ជម្រៅមិនឲ្យលើស២០ម៉ែត្រ គឺពុំទទួលបានទិន្នផលរ៉ែនោះទេ។
នៅក្នុងលិខិតដដែលបានអោយដឹងដែរថា៖” ម៉្យាងវិញទៀតពួកយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើអាជីវកម្មរ៉ែមាស ជាចំបងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះថាដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបាន ហើយដើម្បីឲ្យមានថវិកាចំនូល ចូលជាតិ និងចំនូលសម្រាប់ពលរដ្ឋក្នុងខេត្ត ។
លោកសាន់ ដារិទ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានឲ្យដឹងថា៖” ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យ ក្រសួងសម្រេចឲ្យមន្ទីររៀបចំចងក្រងជាសហគមន៏សិប្បកររ៉ែមាស ដើម្បីមានភាពងាយស្រួយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចប្រកបរបររករ៉ែបានស្របច្បាប់”។
លោកបន្ថែមថា៖” ទោះជាយ៉ាងណាក៏ក្រសួងមិនបានប្រងើយកន្តើយ អនុញ្ញាតឲ្យជនខិលខូចអាចបន្លំយកច្បាប់ដែលក្រសួងចេញឲ្យ ទៅធ្វើអាជីវកម្មខុសកិច្ចសន្យាដែរ ដោយមន្ទីរជំនាញតែងបានចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ”។
លោកបានបន្តថា៖” មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចេញសេចក្តីសម្រេចបញ្ចាប់កិច្ចព្រមព្រៀង និងដកហូតអាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាស (ទ្រង់ទ្រាយតូច)កាលពីថ្ងៃទី២៧ មិថុនា ២០១៦ សរុប៤២អាជ្ញាប័ណ្ណ របស់សមាជិកសហគមន៏សិប្បកររ៉ែចុងផ្លាស់ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា”។
ចំពោះការស្នើរសុំរបស់ប្រជាសហគមន៏រ៉ែមាសក្នុងស្រុកកែវសីមា ដែលមានដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោ និង ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៦ សីហា ២០១៦ រហូតមកដល់រសៀលថ្ងៃទី២៥ តុលា ២០១៦ គេនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីមន្ត្រីរដ្ឋាភិបាលដល់ប្រជាពលរដ្ឋនៅឃុំចុងផ្លាស់នោះទេ៕

សហរដ្ឋអាមេរិកផ្តល់រង្វាន់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជូនដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន

សៀមរាប៖នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលើទី៧១និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែតុលានេះយុវជនអាស៊ានជាច្រើនត្រូវបានរៀបចំឲ្យមានការបង្ហាញសមត្ថភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារវាងយុវជនអាស៊ានជាមួយយុវជននៃប្រទេសដែលកំពុងតែមានបច្ចេកវិទ្យាជឿនលឿនដូចជា ចិន ជប៉ុន និងកូរ៉េ ដើម្បីបង្ហាញឲ្យឃើញថា តើយុវជនអាស៊ានមានសមត្ថភាពកំម្រិតណា។

សហរដ្ឋអាមេរិកផ្តល់រង្វាន់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជូនដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន
បន្ទាប់ពីយុវជនអាស៊ានបានបង្ហាញសមត្ថភាពរួចមកសហរដ្ឋអាមេរិកបានសម្រចផ្តល់រង្វាន់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ជូន​ដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានដែលគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការផ្តល់អាហា​រូបករណ៍ Da Vinci ចំពោះយុវជន យុវនារីវ័យក្មេង។
រង្វាន់ទំាងនោះមានពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អ្នកវិទ្យាសាស្ត្រជាស្ត្រី(ASEAN-US Prize for Women) ជូនដល់លោកស្រីបណ្ឌិត Worgiit Setthapun មកពីប្រទេសថៃដែលបានច្នៃប្រឌិតលើផ្នែកថាមពលកកើតឡើងវិញនិងលោកស្រីបណ្ឌិត Sharifah Rafidah Wan Alwi មកពីប្រទេសម៉ាឡេស៊ី ដែលបានច្នៃប្រឌិតលើផ្នែកជីវថាមពល។ជ័យលាភីយុវជនអាស៊ីអាគ្នេយ៍ ជាអ្នកដឹកនាំដោះស្រាយបញ្ហាប្រឈមនៃគំនិតផ្តួចផ្តើមច្នៃប្រឌិត ចំនួនបីក្រុម បានលើក្រុមយុវជនមកពីប្រទេសម៉ាឡេស៊ី ក្រុមយុវជនមកព្រះរាជាណាចក្រកម្ពុជា(ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) និងក្រុមយុវជនមកពីប្រទេសឥណ្ឌូនេស៊ី។ជយ័លាភីដែលទទួលបានអាហារូបករណ៍ Da Vinci ចំពោះយុវជនវ័យក្មេងចំនួនពីររូប ក្នុងនោះយុវជនបានទៅលើប្រទេសប្រ៊ុយណេ និងយុវនារីបានទៅលើប្រទេសហ្វីលីពិន។
គម្រោងនេះត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយមន្ទីរពិសោធន៍ Underwriters Laboratories (UL) ក្រុមហ៊ុន Cisco និងក្រុមហ៊ុន Intel អាមេរិក និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានប្រសាសន៍ថា បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងពេលវេលាមួយដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះហើយឧស្សាហកម្មកំពុងផ្លាស់ប្តូរទៅប្រើបច្ចេកវិទ្យា4.0(ជាបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម)ដែលតម្រូវការពលកម្មកាន់តែតិចទៅ ហើយគេបានប៉ាន់ស្មានថាពី១០ទៅ១៥ឆ្នាំទៀតឧស្សាហកម្មលែងត្រូវការកម្លាំងពលកម្មមនុស្ស។នេះជាកត្តាតម្រូវការបន្ទាន់ដល់យុវជនរបស់យើងដើម្បីទទួលបានវិជ្ជាជីវៈ នូវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគិណិតវិទ្យា សម្រាប់តម្រូវការនៅពេលអនាគតដែលការបង្កើតថ្មីនិងការច្នៃប្រឌិត ជាកត្តាចាំបាច់បំផុតសម្រាប់ការរស់រាននៃមនុស្សជាតិ។
លោកបានអបអរសាទរដល់ជ័យលាភីទាំងអស់ និងបានផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ឲ្យខិតខំប្រឹងប្រែងច្នៃប្រឌិតនិងបង្កើតថ្មីបន្ថែមទៀតដើម្បីអនាគតរឹងមាំរបស់អាស៊ាន ៕

ក្រុមហ៊ុនជប៉ុនគ្រោងទិញកាបូន ពីតំបន់ព្រៃឡង់ប្រទេសកម្ពុជា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ពិចារណា ការលក់កាបូន ដែលមានទីតាំងស្ថិតក្នុងតំបន់ព្រៃឡង់ក្នុងប្រទេសកម្ពុជាទៅឱ្យក្រុមហ៊ុនជប៉ុន ដើម្បីជួយគាំទ្រដល់ការការពារបរិស្ថាន និងការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្តរភាព។

លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបង្ហើប ប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពីទំនាក់ទំនង រវាង មូលនិធិការបន្សុំាអាកាសធាតុ នៅថ្ងៃទី ៨ ខែ វិច្ឆិកា នាភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានី ភ្នំពេញ ថា៖” ក្រុមហ៊ុន ម៉ីត ស៊ីរបស់ជប៉ុន បានមកកម្ពុជា ដើម្បីចចារជាមួយរាជរដ្ឋាភិបាល លើគម្រោងទិញឥណទានកាបូន ក្នុង ទំហំ ៦សែនហិកតានៅតំបន់ព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគម្រោងនេះរងចាំការគណនាពីចំនួនកាបូន ក្នុង១ហិកតា សិន មុននឹងរាជរដ្ឋាភិបាលកម្ពុជា ចរចារជាមួយក្រុមហ៊ុននោះ ដើម្បីកំណត់តម្លៃប្រាក់សមស្រប”។

ក្រុមហ៊ុនជប៉ុនគ្រោងទិញកាបូន ពីតំបន់ព្រៃឡង់ប្រទេសកម្ពុជា
លោកបានបន្តថា៖” ក្រុមហ៊ុនឧស្សាហកម្មដែលបញ្ចេញផ្សែងពុលកាបូនិចមានកាតព្វកិច្ចទិញកាបូនពីបណ្តាប្រទេស មានព្រៃឈើ ដែលបានបញ្ចេញកាបូនជួយបន្សាបផ្សែងពុលនៅលើបរិយាកាស “។ការលក់ឥណទានកាបូននេះ នឹងរួមចំណែកក្នុងការកាត់បន្ថយទប់ទល់ទៅនឹងផលវិបាករបស់ឧស្ម័នកាបូនិចនៅក្នុងបរិយាកាសដែលនាំឲ្យធ្លុះស្រទាប់អូសូន និងបង្កឱ្យអាកាសធាតុមានការប្រែប្រួល។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលក់គម្រោងឥណទានកាបូនធំជាងគេលើកដំបូងរបស់ខ្លួន ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីទំហំជិត៣០ម៉ឺន ហិកតា ទៅឱ្យក្រុមហ៊ុនDisneyដ៏ធំមួយរបស់អាមេរិក មានតម្លៃជាង ២លានដុល្លារសម្រាប់រយៈពេលពីរឆ្នាំ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ថា ការទិញកាបូននេះ នឹងជួយឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ដែលធ្វើឱ្យព្រៃឈើមាននិរន្តភាព និងទទួលបានថវិកាជួយអភិវឌ្ឍន៍ប្រជាសហគមន៍ព្រៃឈើនៅកម្ពុជា។
តាមអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កញ្ចប់សាច់ប្រាក់ដែលទទួលបានពីការលក់ឥណទានកាបូននេះ ក្រសួងយកទៅប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាសហគមន៍តាមរយៈការជួយចិញ្ចឹមសត្វ ការអភិវឌ្ឍវិស័យកសិកម្ម ទេសចរណ៍ ការបណ្តុះបណ្តាលកសាងសមត្ថភាពអំពីការគ្រប់គ្រងព្រៃឈើ និងផ្តល់កំរៃរបបឧបត្ថម្ភដល់អ្នកដើរល្បាត ដែលអាចធានាថា ប្រជាសហគមន៍អាចចូលរួមការពារសត្វព្រៃនិងព្រៃឈើ បានយូរអង្វែង។
សូមបញ្ជាក់ថា ព្រៃឡង់នៅកម្ពុជាគ្របដណ្តប់ក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ មានចំនួនសរុបប្រមាណ៣០ម៉ឺនហិកតា៕

សម្តេច ហ៊ុន សែន មិនត្រឹមចង់បានរដ្ឋាភិបាល E.Govermentប៉ុណ្ណោះទេគឺថែមទាំងចង់ឲ្យប្រជាជនជា E. People ទៀតផង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន មានបំណងមិនត្រឹមចង់ឲ្យរដ្ឋាភិបាលជារដ្ឋាភិបាលអេឡិចត្រូនិច ( E.Goverment)ប៉ុណ្ណោះទេ ប៉ុន្តែគឺចង់ ឲ្យប្រជាជនកម្ពុជា ជាប្រជាជន អេឡិចត្រូនិក( E. People )ផងដែរដើម្បីប្រកួតប្រជែងទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យដទៃទៀត។ 

សម្តេច ហ៊ុន សែន មិនត្រឹមចង់បានរដ្ឋាភិបាល E.Govermentប៉ុណ្ណោះទេគឺថែមទាំងចង់ឲ្យប្រជាជនជា E. People ទៀតផង

នៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយ លោក ស៊ុន ហ្វូយូ (Sun Fuyou ) ប្រធានជាន់ខ្ពស់ប្រចាំតំបន់ អាស៊ីអាគ្នឹយ៍របស់ក្រុមហ៊ុន ហ៊ួវៃ(Huawei) ធ្វើឡើងនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៨ខែធ្នូនេះ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា សម្តេចបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងមកលើប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃ ដោយបានស្នើឲ្យ ក្រុមហ៊ុនហ៊ួវៃ(Huawei) ធ្វើយ៉ាងណា ខិតខំពង្រីកសមត្ថភាពអ៊ីនធើណែតល្បឿនលឿនឲ្យគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ។
សម្តេចក៍បានណែនាំឱ្យក្រុមហ៊ុន Huawei ជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ ដើម្បីធ្វើការងារនេះ សំដៅជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផង និងដើម្បី ជំរុញឱ្យប្រជាជនកម្ពុជា ដែលកំពុងតែ ប្រើប្រាស់អ៊ីនធើណែតច្រើន មានលទ្ធភាពគ្រប់គ្រាន់ក្នុ្ងការប្រកួតប្រជែងទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យដទៃទៀត។
សម្តេច ក៍បានអគុណក្រុមហ៊ុន ដែលកន្លងមក បានជួយធ្វើការ បណ្តុះបណ្តាលធនធានមនុស្សខាងវិស័យអាយធី ហើយពេលនេះក្រុមហ៊ុនក៍បានផ្តល់ ជូននូវប្រព័ន្ធអ៊ីនធើណែត ល្បឿនលឿន ចំនួន១ពាន់កំប្លែរ មានតម្លៃទឹកប្រាក់ ប្រមាណ៤លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយបំពេញឲ្យតម្រូវការចាំបាច់ក្នុងការប្រើប្រាស់។
លោក ស៊ុន ហ្វូយូ បាន ជំរាបជូនសម្តេចតេជោ ហ៊ុន សែន ថា មានសិស្សកម្ពុជា ១១នាក់ ដែលកំពុងទទួលបានការបណ្តុះបណ្តាលជំនាញអាយធីនៅទីក្រុងប៉េកាំងប្រទេសចិន ។ហើយនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ ក្រុមហ៊ុន និងសម្ព័ន្ធសមាគមយុវជនកម្ពុជា (ស.ស.យ.ក)នឹងធ្វើការត្រូវជ្រើសរើសសិស្ស ជំនាន់ទី២ និងទី៣ ឲ្យទៅសិក្សា ជាបន្តបន្ទាប់ទៀត ។
លោក ស៊ុនយូ ក៏បានជំរាបជូនសម្តេចអំពីការខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យា ដើម្បីធ្វើឲ្យអ៊ីនធើណែតមានល្បឿនកាន់តែលឿន បំពេញឲ្យតម្រូវការប្រើប្រាស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ចំណេះដឹង និងការអភិវឌ្ឍផ្សេងៗទៀត សម្រាប់ដោះស្រាយបញ្ហាសង្គមនៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត៕

សម្ដេចហ៊ុនសែនប្រកាសថា៖"កម្ពុជាមិនមែនជាធុងសម្រាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ”

ភ្នំពេញ៖នៅព្រឹកនេះសម្ដេចហ៊ុនសែនប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថា៖”កម្ពុជាមិន មែនជាធុងសម្រាមសម្រាប់​បោះ​ចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ”។សម្ដេចបានប្រកាសដូចនេះនៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ ក្នុងពិធីសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។

សម្ដេចហ៊ុនសែនប្រកាសថា៖"កម្ពុជាមិនមែនជាធុងសម្រាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ”

សម្ដេចបានលើកឡើងថា៖”តាំងពីមុនមកទល់ពេលនេះ គឺខ្ញុំនៅតែបញ្ជាក់ច្បាស់ថា កម្ពុជាមិន មែនជាធុងសម្រាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ។ កម្ពុជាគឺត្រូវការបច្ចេកវិទ្យាថ្មីទាន់សម័យ”។
សម្ដេចបានបន្ដថា៖តាមរយៈខ្សែកាបអុបទិកដែលកំពុងរាយក្រោមបាតសមុទ្ទគឺនឹងជួយជំរុញល្បឿនលឿន Internet សម្រាប់ប្រទេសយើង។ ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។ ទន្ទឹមនឹងនេះ សូមក្រុមហ៊ុន យកឱកាសគិតគូរអំពីការបាញ់បង្ហោះផ្កាយរណបដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗសម្រាប់ប្រទេសយើង។ ខ្ញុំក៏សូមរំលឹកដល់មន្រ្តីយើងផងដែរ គឺត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យាអោយទាន់ពេលវេលា។ បើទោះបីប
ច្ចេកវិទ្យាកាន់តែ ខ្ពស់តែបើមនុស្សយើងមិនទាន់សម័យ គឺនៅតែគ្មានប្រយោជន៍ដដែល។
ជាមួយគ្នានេះសម្ដេចបានអំពាវនាវអោយមន្ដ្រីបន្ដខិតខំដោយមាន អាគារថ្មីមួយនេះ រួមទាំងការវិវត្តរីកលូត លាស់អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនា គមន៍កាន់តែងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង១៩លាន ដែលប្រើប្រាស់ទូរស័ព្វ។ ចំណែកអ្នកជាវសេវាInternet គឺមានប្រមាណ ជាង២លាន៧សែន នាក់ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧លាននាក់នៅឆ្នាំ ២០១៦។ ពេលនេះ សូមបីតែអ្នកបររទេះគោក៏អាច មានលទ្ឋភាពប្រើទូរស័ព្វបានដែរ។
ដោយឡែកកាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៌ និងទូរគមនាគមន៍។ ដោយសារ វិសាល ភាពការងារនៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៌៕

ខ្សែកាប្លិ៍អ៊ុបទិចក្រោមបាតសមុទ្រតម្លៃ៨០លានដុល្លារផ្ដល់សេវាInternet ល្បឿនលឿននឹងមកដល់កម្ពុជានៅថ្ងៃទី១៩ធ្នូ

ភ្នំពេញ៖ខ្សែកាប្លិ៍អ៊ុបទិចបាតសមុទ្រតម្លៃ៨០លានដុល្លារផ្ដល់សេវាInternet ល្បឿនលឿនដែលកម្ពុជាទៅអាមេរិចនិងអាស៊ីនឹងមកដល់កម្ពុជានៅថ្ងៃទី១៩ធ្នូ។នេះបើតាមសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានប្រកាសនៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ ក្នុងពិធីសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។

បើតាមអ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខ្សែកាប្លិ៍អ៊ុបទិចបង្កប់ក្រោមបាតសមុទ្រ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។សម្ដេចបានប្រកាសថា៖តាមរយៈខ្សែកាបអុបទិកដែលកំពុងរាយក្រោមបាតសមុទ្ទគឺនឹងជួយជំរុញល្បឿនលឿន Internet សម្រាប់ប្រទេសយើង។ ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។

ខ្សែកាប្លិ៍អ៊ុបទិចក្រោមបាតសមុទ្រតម្លៃ៨០លានដុល្លារផ្ដល់សេវាInternet ល្បឿនលឿននឹងមកដល់កម្ពុជានៅថ្ងៃទី១៩ធ្នូ
សម្ដេចបានអំពាវនាវមន្រ្តីយើងផងដែរ គឺត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យាអោយទាន់ពេលវេលា។ បើទោះបីបច្ចេកវិទ្យាកាន់តែ ខ្ពស់តែបើមនុស្សយើងមិនទាន់សម័យ គឺនៅតែគ្មានប្រយោជន៍ដដែល។
បើយោងតាមកិច្ចព្រមព្រៀងកន្លងមកប្រព័ន្ធខ្សែកាប MCT ដែលលាតសន្ធឹងចម្ងាយប្រមាណ ១.៤២៥គីឡូម៉ែត្រ នឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាច្រកទ្វារនៃតំបន់ឥណ្ឌូចិន។ ប្រព័ន្ធនេះនឹងជួយឲ្យប្រទេសកម្ពុជាអាចទទួលផលប្រយោជន៍ពីចរាចរណ៍អ៊ិនធើណិតនៅក្នុងតំបន់ឥណ្ឌូចិន និងពង្រីកការតភ្ជាប់ទៅតំបន់អាស៊ាន និងទៅកាន់ពិភពលោកតាមរយៈប្រទេសម៉ាឡេស៊ី ដែលមានការតភ្ជាប់ដ៏ល្អជាមួយនឹងប្រព័ន្ធខ្សែកាបបាតសមុទ្រអន្តរជាតិនានា។ ប្រព័ន្ធខ្សែកាប MCT នឹងតភ្ជាប់ជាមួយបណ្ដាញលើដីគោកនៅឯខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងរដ្ឋ Kuantan ប្រទេសម៉ាឡេស៊ី។
ប្រព័ន្ធខ្សែកាបបាតសមុទ្រនេះក៏នឹងតភ្ជាប់ជាមួយបណ្ដាញ Asian American Gateway ដែលជាប្រព័ន្ធខ្សែកាបបាតសមុទ្រចម្ងាយ ២០.០០០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងសហរដ្ឋអាមេរិក ផងដែរ។ខ្សែកាបបាតសមុទ្រនេះ ត្រូវគេរំពឹងថា នឹងមានសមត្ថភាពបញ្ជូនទិន្នន័យក្នុងល្បឿនយ៉ាងហោចណាស់ ៨តេរ៉ាប៊ីត ក្នុងមួយវិនាទី៕

សម្ដេចហ៊ុនសែនប្រកាសពីមហិច្ឆិតាកម្ពុជាចង់បាញ់បង្ហោះផ្កាយរណបសម្រាប់គោលដៅពាណិជ្ជកម្ម

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានៅព្រឹកនេះបានប្រកាសពីមហិច្ឆិតាកម្ពុជាចង់បាញ់បង្ហោះផ្កាយរណបសម្រាប់គោលដៅពាណិជ្ជកម្ម។សម្ដេចបានប្រកាសដូចនេះនៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ ក្នុងពិធីសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។

សម្ដេចហ៊ុនសែនប្រកាសពីមហិច្ឆិតាកម្ពុជាចង់បាញ់បង្ហោះផ្កាយរណបសម្រាប់គោលដៅពាណិជ្ជកម្ម
សម្ដេចបានបញ្ជក់ថា៖”ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។ ទន្ទឹមនឹងនេះ សូមក្រុមហ៊ុន យកឱកាសគិតគូរអំពីការបាញ់បង្ហោះផ្កាយរណបដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗសម្រាប់ប្រទេសយើង”។កម្ពុជាគឺត្រូវការបច្ចេកវិទ្យាថ្មីទាន់សម័យ”។កន្លងមកក្រុម ROYAL Groupនិង ក្រសួងគមនាគមន៍បានចុះហត្ថលខារួចហើយដែរដើម្បីបាញ់បង្ហោះCambodian Satellite 1មានតម្លៃពី២៥០លានដុល្លារទៅ៣៥០លានដុល្លារតែគម្រោងនេះបានស្ងត់ទៅវិញតាមគម្រោងនៅឆ្នាំ២០១៣កន្លងមក។ឯក្រុមហ៊ុនROYAL Groupគ្រោងទិញយកផ្កាយរណបពីប្រទេសចិនតម្លៃ៤០០លានដុល្លារសម្រាប់គោលដៅពាណិជ្ជកម្ម។ប្រទេសនៅជិតកម្ពុជារួមមានថៃវៀតណាមនិងឡាវបានបាញ់ផ្កាយរណបរបស់ខ្លួនរួចហើយសម្រាប់គោលដៅពាណិជ្ជកម្មនិងសង្គម៕

មន្ដ្រី៖ឆ្នាំ២០១៧ខាងមុខអង្គភាពចំចាត់មីនខេត្តប៉ៃលិននឹងសម្អាតដីឲ្យបាន៤៩ចំការ ជាមួយទំហំដី ជិត៣ពាន់ហិកតា

ខេត្តប៉ៃលិន៖ អង្គភាពចំចាត់មីនខេត្តប៉ៃលិនមានផែនការគ្រោងនឹងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅឆ្នាំ២០១៧ ចំនួន ៤៩ចំការ ដែលមានទំហំដី ២.៨៤៨ហិកតាសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ។នេះបើតាមលោក ឈិម សម្បត្តិ ប្រធានអង្គភាពកំចាត់មីនខេត្តប៉ៃលិន ហៅកាត់ថា ម៉ាពូ Mapou បានអោយដឹងកាលពីម្សិលមិញ។លោកបានលើកឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពេលបើកសិក្ខាសាលាអនុម័ត្តដីចំការមីនសំរាប់បញ្ចូលក្នុងផែនការបោសសំអាតឆ្នាំ២០១៧ ចំនួន ៤៩ចំការ ដែលមានទំហំដី ២.៨៤៨ហិកតា ដែលមានការចូលរួមពីតំណាង ប្រតិប័ត្តករដោះមីនក្នុងខេត្តប៉ៃលិនមាន៖ អង្គការ CMAC , អង្គការ MAG, អង្គការMPMEC, និងអង្គការ Halo Trust ។

មន្ដ្រី៖ឆ្នាំ២០១៧ខាងមុខអង្គភាពចំចាត់មីនខេត្តប៉ៃលិននឹងសម្អាតដីឲ្យបាន៤៩ចំការ ជាមួយទំហំដី ជិត៣ពាន់ហិកតា
លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិនបានេបញ្ជក់ថា៖” ក្នុងឆ្នាំ២០១៦ យើងបានបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន៥៤ចំការ ស្មើនឹងផ្ទៃដីចំនួន៣.២៥៩ ម៉ែត្រការ៉េ, បោសសំអាតបានគ្រាប់ប្រភេទ AMPបានចំនួន ១១៣៥ គ្រាប់ , ATMបានចំនួន ១៧គ្រាប់, និងប្រភេទUXO បានចំនួន ៦៨២គ្រាប់, ដោយសំរេចបាន៥៧% បើប្រៀបនឹងផែនការប្រចាំឆ្នាំ”។
លោកបានបន្តថា៖”នៅក្នុងឆ្នាំ២០១៦នេះ មានជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៦នាក់ ស្មើនឹង ៥ករណី ក្នុងនោះនៅក្នុងសង្កាត់បយ៉ាខាចំនួន២នាក់ ឃុំសាលាក្រៅចំនួន១នាក់ ឃុំស្ទឹងត្រង់២នាក់ និងឃុំស្ទឹងកាច់១នាក់”។ លោកបានបន្តទៀតថា សំរាប់ឆ្នាំ២០១៧នេះ យើងមានប្រតិប័ត្តករចំនួន៣អង្គភាព គឺ CMAC ចំនួន៤ចំការមីន មានទំហំដី៦៨៧ហិចតា , អង្គការMAG ចំនួន២០ចំការ មានទំហំដី ១.២៣៣ហិចតា និងអង្គការ Halo Trust ចំនួន២៥ចំការ មានទំហំដី ៩២៧ហិកតា សរុបក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ២០១៧នេះ យើងមាន ៤៩ចំការ មានទំហំដី ២.៨៤៨ហិកតា។
ចំណែកលោកកើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ “មកដល់ពេលបច្ចុប្បន្ននេះយើងបានដោះមីន រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ ក៍ដូចជាដោះមីនសំរាប់កសារហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះមានការថយចុះយ៉ាងច្រើន សំរាប់ខេត្តប៉ៃលិនយើង ហើយស្នាដៃដោះមីនរបស់ខេត្តប៉ៃលិនយើងមានការល្អប្រសើ ទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗទៀតផង”។

មន្ដ្រី៖ឆ្នាំ២០១៧ខាងមុខអង្គភាពចំចាត់មីនខេត្តប៉ៃលិននឹងសម្អាតដីឲ្យបាន៤៩ចំការ ជាមួយទំហំដី ជិត៣ពាន់ហិកតា
លោកបានមានប្រសាសន៍បន្តថា៖ “នៅក្នុងឆ្នាំ២០១៧នេះ យើងត្រូវខិតខំជំរុញការដោះមីននេះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែងអោយអស់ពីលទ្ធភាព សំរេចបានតាមផែនការកំណត់ ដោយជំរុញសកម្មភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក ការងាយស្រួលរបស់ប្រតិប័ត្តករក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការផ្សព្វផ្សាយអោយបានខ្លាំងខ្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់សំរាប់ទទួលគណប្រតិភូថ្នាក់ជាតិ មកទស្សនកិច្ចសិក្សាបញ្ហាមីននៅក្នុងខេត្តប៉ៃលិនយើង និងត្រូវជំរុញអោយមានការសហការចូលរួមអោយបានច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការងារដោះមីន និងការប្រគល់-ទទួលដីចំការមីនពីប្រតិប័ត្តករដោះមីនរបស់យើង”៕

មន្ដ្រី៖ឆ្នាំ២០១៧ខាងមុខអង្គភាពចំចាត់មីនខេត្តប៉ៃលិននឹងសម្អាតដីឲ្យបាន៤៩ចំការ ជាមួយទំហំដី ជិត៣ពាន់ហិកតា