ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ ប្រេសិតអង្គការសហប្រជាជាតិ បានស្នើដល់ គ.ជ.ប បង្កើនអត្រាអ្នកចេញទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះដើម្បីឲ្យការបោះឆ្នោតកាន់តែឆ្លុះបញ្ជាំងពីឆន្ទះរាស្ត្រ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឲ្យដឹងថា អង្គការសហប្រជាជាតិ ចង់ឃើញការបោះឆ្នោតមួយ ដែល ធានាឲ្យមានការចូលរួមពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នាក្នុងអត្រាភាគរយខ្ពស់។
ក្រោយជំនួបរវាងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅទីស្តីការគ.ជ.ប នាថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិចង់យល់ដឹងអំពីស្ថានភាពរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ហង្ស ពុទ្ធា បានជំរាបជូនតំណាងអង្គការសហប្រជាជាតិ ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។
អ្នកនាំពាក្យ គជប បានឲ្យដឹងថា ឯកឧត្តម ស៊ិក ប៊ុនហុក បានជំរាបជូនតំណាងអង្គការសហប្រជាជាតិថា គ.ជ.ប បានខិតខំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចូលរួមបោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ដោយបំពេញសិទ្ធិរបស់ខ្លួន តាមរយៈការចុះឈ្មោះ និងការទៅបោះឆ្នោត ដែលរៀបចំឡើងដោយគ.ជ.បប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ សុវត្ថិភាព និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
សូមបញ្ជាក់ថា យោងតាមលទ្ធផល បោះឆ្នោតឃុំសង្កាត់បានឲ្យដឹងថា អត្រាអ្នកបោះឆ្នោតមានចំនួនជាមធ្យម៩០ភាគរយ ស្មើជាង៧លាន៨សែននៃប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតចំនួនជាង៩លានាក់៕

 

ប្រេសិតអង្គការសហប្រជាជាតិ ស្នើ គ.ជ.ប បង្កើនអត្រាអ្នកទៅបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះ

 

គ.ជ.ប បដិសេធសំណើសុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

ភ្នំពេញ៖ គ.ជ.ប បានសម្រេចបដិសេធសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល ដែល​សុំឲ្យមាន​​ការិយាល័យ​​​ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ដោយសំអាងថា សំណើនេះបានប្រាស់ចាកពី​គោល​​​ការណ៍​ច្បាប់​​របស់​​​ប្រទេសកម្ពុជា។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅ​ថ្ងៃទី៣ ខែសីហានេះ បានបញ្ជាក់ជាថ្មីថា គ.ជ.ប គ្មានសិទ្ធិក្នុងការស្នើទៅរដ្ឋសភា ដើម្បីធ្វើ​វិសោធន​កម្ម​​ច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះ​ឆ្នោត សម្រាប់ពលករចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសនោះទេ។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​​​​ទៅគ.ជ.បឲ្យ​​មាន​​ការធ្វើ​​វិសោធន​កម្មច្បាប់បោះឆ្នោត ដែលអាចមាន​ការិយាល័យចុះឈ្មោះ​​បោះឆ្នោត និង​បោះឆ្នោតនៅក្រៅ​ប្រទេស សម្រាប់​​ឲ្យពលករ​ចំណាកស្រុកទទួល​បាន​សិទ្ធិបោះ​​ឆ្នោត​​។

ក្នុងកិច្ចពិគ្រោះយោបល់ទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ធ្វើបច្ចុប្បន្នភាព​បញ្ជី​បោះ​​ឆ្នោត និង​ចុះ​​ឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ថា គ.ជ.ប មិន មែន​ជាតួអង្គក្នុងការស្នើច្បាប់នោះទេ ផ្ទុយទៅវិញគ្រាន់តែជាស្ថាប័នឯករាជ្យមួយ ដែលធ្វើការរៀបចំ​ដំណើរ​​​​ការបោះឆ្នោត និងគ្រប់គ្រប់ការបោះឆ្នោតតែប៉ុណ្ណោះ។

 

ជុំវិញនឹងបញ្ហានេះ ឯកឧត្តម សុខ ឥសាន សមាជិករដ្ឋសភាជាតិ បាន​ប្រាប់​ទូរទស្សន៍រស្មី​ហង្សមាស ថា ការស្នើច្បាប់នេះ ត្រូវធ្វើតាមនីតិវិធីច្បាប់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយក្នុងនោះ​ក្រុម​​​តំណាង​រាស្ត្រ ត្រូវធ្វើសំណើជាលាយលក្ខណ៍​អក្សរដោយមានការចុះហត្ថ​​លេខាដាក់ជូនទៅ​ប្រធាន​​​​​រដ្ឋសភា​។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា អង្គការ​​​​​​​និចហ៊្វិក បានសម្តែងការខកចិត្តដែលមិនអាចមានការិយាល័យ​ចុះឈ្មោះបោះ​ឆ្នោតនៅ​ក្រៅ​ប្រទេស​ ប៉ុន្តែស្នើសុំឲ្យ គ.ជ.ប បើកការិយាល័យការិយាល័យ​ចុះឈ្មោះបោះ​ឆ្នោត និង​បោះឆ្នោត​​​នៅ​តាម​​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានពលករ​ចំណាក​ស្រុកធ្វើ​ការ​​នៅប្រទេសថៃប្រមាណជាង​១លាន​​នាក់។

សូមបញ្ជាក់ថា គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាព​បញ្ជីបោះឆ្នោត និង​ចុះ​​ឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់​ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្រព័ន្ធកុំព្យូទ័រ សម្រាប់អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឬ​អ្នក​ទើប​ផ្លាស់​ប្តូរ​ទីលំនៅ អ្នកគ្រប់អាយុ១៨ឆ្នាំគិតដល់​ថ្ងៃបោះ​ឆ្នោត អ្នកដែលមាន​ឈ្មោះ​ក្នុង​​បញ្ជី​បោះឆ្នោត​​ឆ្នាំ២០១៦ ហើយចង់ឲ្យមានការកែតម្រូវកែ​​តម្រូវ​ឡើង​វិញ និងការលប់ឈ្មោះចេញ​​ពី​បញ្ជីចំពោះ​អ្នក​ទទួល​មរណភាព ខណៈមានការប៉ាន់ស្មានថា នៅមាន​​អ្នក​មិន​ទាន់​មាន​ឈ្មោះ​ក្នុងបញ្ជីបោះ​ឆ្នោតថ្មីប្រមាណ​​​ជាង២លាននាក់៕ អត្ថបទ៖ សឿន សោម

 

គ.ជ.ប បដិសេធសំណើសុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

ក្រុមសហជីពគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមា២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខ

ភ្នំពេញ៖សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខដើម្បីបង្កើនលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករឲ្យបានប្រសើរឡើង។
ថ្លែងប្រាប់ទូរទស្សន៍ហង្សមាសនៅព្រឹកថ្ងៃទី៣សីហានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខាឌូបានមានប្រសាសន៍ថាគម្រោងស្នើតំឡើងប្រាក់ឈ្នួលដល់កម្មករសម្រាប់ឆ្នាំ២០១៨ចាប់ពី១៨០ដល់២០០ដុល្លាអាមេរិកនេះដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម អតិផរណា ការប្រកួតប្រជែងផ្នែកផលិតភាពនិងស្ថានភាពសេដ្ឋកិច្ចកម្មករជាដើម។
ការកំណត់ស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះដោយសារតែតាមការស្រាវជ្រាវទៅលើកម្មករនៅតាមខេត្តចំនួន៤រួមមានរាជធានីភ្នំពេញ កណ្តាល តាកែវនិងកំពង់ស្ពឺកាលពីដើមខែកក្កដាបានបង្ហាញថាប្រាក់ខែកម្មករបច្ចុប្បន្ននេះនៅមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពរស់នៅជាក់ស្តែងរបស់កម្មករនៅឡើយទេដោយសារតែតំលៃទំនិញសព្វបែបយ៉ាងនៅលើទីផ្សារខ្ពស់និងការចំណាយប្រចាំថ្ងៃក៏មានការកើនឡើងជាបន្តបន្ទាប់។
តែយ៉ាងណាក៏ដោយលោកបានលើកឡើងថាគម្រោងស្នើសុំតំឡើងប្រាក់ឈ្នួល២០០ដុល្លានេះនឹងសម្រេចជាផ្លូវការនៅចុងខែសីហានេះមុននឹងដាក់ទៅកិច្ចប្រជុំត្រីភាគីរួមមានភាគីសមាគមរោងចក្រកាត់ដេរ ភាគីសហជីពនិងភាគីរដ្ឋាភិបាលដែលនឹងត្រូវធ្វើនៅខែកញ្ញាខាងមុខ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានមានប្រសាសន៍ថាការចចាររឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនេះនឹងមិនមានឧបសគ្គនោះទេដោយសារតែគ្រប់ភាគីនីមួយៗកាន់តែភាពចាស់ទុំហើយការពិភាក្សាទៀតសោតផ្អែកទៅលើការវិនិច្ឆ័យទិន្នន័យមានលក្ខណៈវិទ្យាសាស្ត្រដើម្បីយកដាក់នៅលើតុជជែកគ្នានិងមានការសិក្សាស្រាវជ្រាវរៀងៗខ្លួនដើម្បីមកចចារគ្នា ។
គួររំលឹកថាកាលពីឆ្នាំ២០១៤រាជរដ្ឋាភិបាលបានសំរេចតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករដែលរហូតមកដល់បច្ចុប្បន្ននេះប្រាក់ឈ្នួលកម្មករបានកើនឡើងដល់១៤០ដុល្លាអាមេរិកតែបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗប្រាក់ខែកម្មករកើនឡើងដល់ទៅជិត២០០ដុល្លា៕

ក្រុមសហជីពគ្រោងស្នើសុំតំឡើងប្រាក់ឈ្នួលអប្បបរមា២០០ដុល្លាដល់កម្មករសម្រាប់ឆ្នាំ២០១៨ខាងមុខ

អ្នកគ្រូថ្នាក់មត្តេយ្យរងការចោទប្រកាន់ថា ប្រើអំពើហឹង្សាលើកុមារតូចៗ

ខេត្តឧត្តរមានជ័យ៖មានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សនៃសាលាបឋមសិក្សាថ្នល់បំបែក(ហៅសាលាជប៉ុន) ស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា កូនតូចៗរបស់ពួកគាត់មិនព្រមចូលរៀនទេព្រោះខ្លាចអ្នកគ្រូវាយធ្វើបាប។ អ្នកគ្រូថ្នាក់មត្តេយ្យដែលរងការចោទប្រកាន់ថា ប្រើអំពើហិង្សាលើកុមារទាំងនោះ ត្រូវបានគេស្គាល់ថាឈ្មោះ សំបូ ស្រីនាង ជាគ្រូប្រចាំថ្នាក់តែម្តង។

អ្នកស្រីឃុន រម្យ ពលរដ្ឋរស់នៅភូមិឃុំខាងលើបានអោយដឹងថា៖គាត់បានបញ្ជូនកូនស្រីឈ្មោះ ខេន ស្រីកា អោយទៅរៀននៅសាលាខាងលើបានតែមួយរយះក៏ឈប់ទៅរៀន ដោយកូនគាត់ប្រាប់ថា់អ្នកគ្រូវាយធ្វើបាប អ្នកស្រីបន្តរថា បើទោះបីគាត់លួងលោមយ៉ាងណាក៏មិនព្រមទៅរៀនដែរ ដោយប្រាប់គាត់វិញថាខ្លាចអ្នកគ្រូវាយ។

ចំណែកបងស្រីឈ្មោះ ផង់ សុគា បាននិយាយថា កូនស្រីគាត់ឈ្មោះ គ្រុយ ម៉េងហួយ អាយុ5ឆ្នាំ ត្រូវបានអ្នកគ្រូវាយធ្វើបាបម្តងហើយម្តងទៀតដោយកាលពី3ខែមុនកូនគាត់ត្រូវអ្នកគ្រូ សំបូ ស្រីនាងវាយនិងរំពាត់ត្រូវភ្នែកខាងស្តាំបណ្តាលអោយឈឺជាងមួយសប្តាហ៏។

លោកពូឈ្មោះ នួន ចាន់ណា បានអោយដឹងស្រដៀងគ្នាដែរថាកូនគាត់ក៏ធ្លាប់ត្រូវអ្នកគ្រូខាងលើវាយដែរ តែគានជម្រើសដោយគ្មានលទ្ធភាពបញ្ជូនទៅរៀននៅឯសាលាផ្សេង។ ជាក់ស្តែងកាលពីថ្ងៃទី12ខែ6ឆ្នាំ2017កុមារីម្នាក់ឈ្មោះ ខៀវ សុផាមុនី អាយុ4ឆ្នាំ ត្រូវបានអ្នកគ្រូខាងលើវាយនិងរំពាត់រហូតបែកឈាមដៃខាងឆ្វេង។

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីអ្នកស្រី សំបូ ស្រីនាង បានទេដោយទូរសព្ទមិនអាចទាក់ទងបាន។

លោក ជា ស្រេង នាយកសាលាបឋមសិក្សាថ្នល់បំបែកបានអោយដឹងថា ៖ពិតជាមានករណីប្រើអំពើហិង្សាលើសិស្សថ្នាក់មន្តេយ្យមែន ហើយលោកក៏ធ្លាប់អប់រំច្រើនដងហើយដែរ តែអ្នកគ្រូខាងលើមិនស្តាប់។លោកបញ្ជាក់ទៀតថា៖ឈ្មោះសិស្សរៀនក្នុងថ្នាក់មន្តេយ្យមានចំនួន19នាក់ តែមកដល់បច្ចុប្បន្នសិស្សដែលចូលរៀនមានចំនួនមិនដល់10នាក់ផង។

ជុំវិញការចោទប្រកាន់ខាងលើ លោកពេជ្យ រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តមានជ័យ បានថ្លែងថាចំពោះករណីនេះលោកនិងចាត់ក្រុមការងារលោកធ្វើការតាមដានរកការពិត ៕ វិចិត្រ ឧត្តរមានជ័យ 

តុលាការខេត្តកំពង់ឆ្នាំងកាត់ទោសកំបាំងមុខ គ្រូបង្រៀនឈ្មោះ កែមចាន់ឆេន ពីបទបៀតបៀន កេរ្ត៍ខ្មាស់លើសិស្សស្រី៤នាក់ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹក ទី២០ ខែមិថុនា ឆ្នាំ២០១៧ បានបើកសវនាការមួយជំនុំជំរះលើសំណុំរឿងរបស់លោកគ្រួបង្រៀនម្នាក់ ដែលបានប្រព្រឹត្តអំពើបៀតបៀនកេរ្ត៍ខ្មាស់ លើសិស្សស្រីខ្លួន ចំនួន៤នាក់ ដែលបានកើតឡើង នៅអំឡុង ខែឧសភា ឆ្នាំ២០១៣ នៅសាលាបឋមសិក្សាមួយ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
រហូតដល់ រសៀលថ្ងៃដដែលនេះ ទើបចៅក្រមជំនុំជំរះ សម្រេចក្តីកាត់ទោសកំបាំងមុខគ្រូបង្រៀនខាងលើ អោយជាប់ពន្ធនាគារចំនួន៥ឆ្នាំ និងសងជម្ងឺចិត្តចំនួន១៩លានរៀល។ រឿងនេះឪពុកម្តាយ ក្មេងស្រីរងគ្រោះបានរីករាយនិយាយថា ការកាត់ក្តីនេះជារឿងយុត្តិធម៌បំផុតសម្រាប់ជនរងគ្រោះ។
លោក ខៀវ ឃុយ តំណាងអាណាព្យាបាលសិស្សស្រីទាំង៤នាក់បាន និយាយរឿងដោយសង្ខេបថា៖ នៅអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០១៣ គ្រួបង្រៀនម្នាក់ ឈ្មោះ កែម ចាន់ឆេន បង្ហាត់សិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាមួយក្នុងឃុំស្វាយជ្រុំ បានប្រព្រឹតអំពើបៀតបៀនកេរ្ត៍ខ្មាស់លើសិស្សស្រីម្នាក់ នៅក្នុងថ្នាក់រៀន ខណៈសិស្សទាំងអស់ចេញពីថ្នាក់ទៅធ្វើពលកម្មអស់ ។ ក្រោយមករឿងនេះបានដឹងដល់ឪពុកម្តាយសិស្ស ហើយបានហៅសួរនាំទើបដឹងរឿង និងបានបែកធ្លាយរឿងបន្ថែមថា លោកគ្រួរូបនោះធ្លាប់បានប្រព្រឹត្តបែបនេះមកលើសិស្សស្រីរងគ្រោះជាច្រើនលើករួចមកហើយ មិនត្រឹមតែសិស្សម្នាក់នេះទេ គឺមានសិស្សសរុបដល់ទៅ៤នាក់ ដែលសិស្សស្រីពេលនោះនាងមានអាយុពី១២ទៅ១៣ឆ្នាំ តែបច្ចុប្បន្នពួកនាងមានអាយុពី១៦ទៅ១៧ឆ្នាំអស់ហើយ។ ប៉ុន្តែរឿងគួរសោកស្តាយនោះក្រោយពេលកើតហេតុ សិស្សស្រី៣នាក់បានឈប់រៀនបន្ទាប់មានភាពអៀនខ្មាស់ចំពោះសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ។ – លោក ខៀវ ឃុយ បានបន្តថាៈ ក្រោយពេលកើតហេតុ លោកនិងអាណាព្យាបាលសិស្ស បានដាក់ពាក្យប្តឹង មកតុលាការខេត្តកំពង់ឆ្នាំង និងបន្តដាក់ពាក្យប្តឹងដល់សាលាឧទ្ធរណ៍ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអង្គចៅក្រមផងដែរ ទើបក្រោយមកថ្នាក់លើទម្លាក់សំណុំរឿងនេះ មកសាលាបំបូងខេត្ត កំពង់ឆ្នាំងជាអ្នកដោះស្រាយវិញ ។
រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តបានបើកសវនាការជំនុំជំរះរឿងក្តីនេះឡើងវិញ ដោយសម្រេចកាត់ទោសកំបាំងមុខលើគ្រូបង្រៀន កែម ចាន់ឆេន ដែលបៀតបៀនកេរ្ត៍ខ្មាស់លើសិស្សរងគ្រោះ ដោយដាក់ពន្ធនាគារយៈពេល៥ឆ្នាំ និងត្រូវសងជម្ងឺចិត្ត លើកុមារីរងគ្រោះធ្ងន់ជាងគេចំនួន១០លានរៀល និងកុមារី៣នាក់ទៀត ម្នាក់ៗ៣លានរៀលផងដែរ ។ លោកបានបញ្ជាក់ថាៈ ការសម្រេចក្តីនេះរបស់តុលាការ គឺមានភាពយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីរងគ្រោះទាំង៤នាក់ និងទោះបីជនជាប់ចោទពេលនេះស្ថិតនៅក្រៅឃុំក៍ដោយ លោកនិងមាតាបិតាជនរងគ្រោះជឿជាក់ថា ក្រោយពីសវនាការនេះចប់ តុលាការខេត្តនឹងចេញដីការនាំខ្លួនជនល្មើសជាគ្រួបង្រៀនឈ្មោះ កែម ចាន់ឆេន មកផ្តន្ទាទោសតាមសាលក្រមសម្រេចរបស់តុលាការជាពុំខានឡើយ៕ ( ឈៀង ថារិទ្ធ )

              

បន្ទាយមានជ័យ៖លទ្ឋផលបោះឆ្នោតCPPបាន២៨៦អសនៈឯCNRPបាន២១១អសនៈ

ខេត្តបន្ទាយមានជ័យ៖មន្ដ្រីរៀបចំការបោះឆ្នោតបានអោយដឹងថា៖លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិ​ទី៤ឆ្នាំ​២០១៧នេះនៅខេត្តបន្ទាយមានជ័យគណបក្សប្រជាជនកម្ពុជាបាន២៨៦អសនះគណបក្សសង្គ្រោះជាតិបាន២១១អសនះ។​ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតនៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នៅភោគជនីដ្ឋានស្ទឹងសែនក្រុងសិរីសោភ័ណលោក ហី គឹមសេង ប្រធានគណះកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖”ខេត្តបន្ទាយមានជ័យមានស្រុកចំនួន៧ក្រុងចំនួន២មាន៦៥ឃុំ.សង្កាតមានប្រជាពលរដ្ឋសរុបចំនួន១​៤៣.៥​១៩គ្រួសារស្មើមនុស្សរាយមានចំនួន៧៥៩.៩២០នាក់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន​៤៦៤.៩២៧នាក់និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់មានចំនួន៣២៣,៩៥៦នាក់ស្រី១៧២,៥៨៩នាក់។

លោកបានបានបញ្ជាក់ថា៖”មានមន្ត្រីគណះកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យមានចំនួន៤៣រូបនិងក្រុមការងារក្រុមចុះឈ្មោះបោះឆ្នោតមាន៦៥ក្រុមស្មើនិង២៦៨រូបនិងមន្ត្រីគណៈកម្មការឃុំ/សង្កាត់ទាំង៦៥ឃុំ.សង្កាត់មានសរុបចំនួន​៣២៧រូបនិងមន្ត្រីការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតមានចំនួន១.០១៩ការិយាល័យមានមន្ត្រី៦.១១៤នាក់ស្រី២.៨​៩២នាក់”។
លោក ហី គឹមសេង បានបញ្ជាក់ថា៖”ខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយឈឈ្មោះរកសំលេងឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧នេះមាន១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សសង្គ្រោះជាតិ ៣.គណបក្សហ្វ៊ុនស៊ិនប៊ិច ៤.គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ៥.គណបក្សខ្មែររួបរួមជាតិ ៦.គណបក្សប្រជាធិបតេយ្យ ៧.គណបក្សអំណាចខ្មែរ”។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណិត្តទី៤ឆ្នាំ២០១៧នេះសរុបទូរទាំងខេត្តបន្ទាយមានជ័​យ​១.គណបក្សប្រជាជនកម្ពុជាបានចំនួន១២៥,៤៣០សម្លេងស្មើចំនួន២៨៦អាសនះ ២.គណបក្សសង្គ្រោះជាតិបានចំនួន១១១,៨៨៥សម្លេងស្មើចំនួន២១អាសនះ ៣.គណបក្សហ៊្វុនស៊ិនប៊ិចបានចំនួន៧,៧៩៧សម្លេង ៤.គណបក្សសម្ព័នប្រជាធិបតេយ្យ៦,២៤២សម្លេង ៥.គណបក្សរួបរួមជាតិបានចំនួន១៤,៦៥១សម្លេងស្មើចំនួន១៨អាសនះ ៦.គណបក្សប្រជាធិបតេយ្យបានចំនួន១០២សម្លេង ៧.គណបក្សអំណាចខ្មែរចំនួន២៤៦សម្លេង។
លោក ឆើយ ចាន់ណា អភិបាលរងខេត្តបន្ទាយានជ័យបានមានប្រសាសន៍កើតសសើរចំពោះមន្ត្រីគណកម្មាកររៀបចំការបោះឆ្នោតខេត្តនិងគណកម្មការឃុំ.សង្កាត់ដែលបានខិតខំប្រឹងប្រែងការងារ។ហើយសកម្មភាពបោះឆ្នោតក្រុប្រឹក្សាឃុំ.សង្កាត់​អាណត្តិទី៤ឆ្នាំ២០១៧នេះគឺល្អប្រសើរហើយទទួលលទ្ធផលការបោះឆ្នោតមានភាពយុត្តិធម៌និងតម្លាភាព៕(ប៊ុន ធឿន)

បន្ទាយមានជ័យ៖លទ្ឋផលបោះឆ្នោតCPPបាន២៨៦អសនៈឯCNRPបាន២១១អសនៈ

លោកកឹមសុខា៖“ការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌” នឹងរួមចំណែកមកនូវ ភាពវិជ្ជមានដល់ជាតិ"

ភ្នំពេញ៖លោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា៖“ការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌” នឹងរួមចំណែកមកនូវ ភាពវិជ្ជមាន ភាពប្រសើរឡើង សម្រាប់សង្គមជាតិ។ក្នុងកម្មវិធីនៅព្រឹកថ្ងៃ ២២-មិថុនា-២០១៧នៅស្រុកស្រែអំបិលខេត្តកោះកុងលោកកឹមសុខាបាននិយាយថា៖”ខ្ញុំយល់ថា “ការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌” គឺជាដំណោះស្រាយ​បញ្ហារបស់ប្រទេសជាតិបានយ៉ាងល្អ និងដោយសន្ដិវិធី ដែលនឹងនាំមកនូវ ភាពវិជ្ជមាន ភាពប្រសើរឡើង សម្រាប់សង្គមជាតិ។ព្រោះ “ការបោះឆ្នោត” គឺជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ជាអ្នកសម្រេចថា អ្នកដឹកនាំណា មានគុណសម្បត្ដិ ឬ មានគុណវិបត្ដិ និងគោលនយោបាយរបស់គណបក្សណា ល្អ ឬ មិនល្អ។ គ្រប់បញ្ហាសង្គម មិនមែនដោះស្រាយដោយ “ការគំរាមកំហែង បំភិតបំភ័យនោះទេ”។

ដូច្នេះ ខ្ញុំសូមលើកទឹកចិត្ត ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បន្ដ និងពង្រីកការចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដែលជាប់ពាក់ព័ន្ធនឹងជោគវាសនាអនាគត របស់ប្រទេសជាតិយើង ខ្លួនយើង និងកូនចៅយើង៕

បក្សសង្រ្គោះជាតិមិនទាន់កំណត់ថានរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះទេ

ភ្នំពេញ៖ លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជា​តិមិនទាន់កំណត់ថានរណាជាបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះទេ។

លោកកឹម សុខា បាន​​​បញ្ជាក់ថា ៖ការជ្រើសរើសអ្នកដែលនឹងជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ គឺនឹងសម្រេចនៅក្នុងសមាជគណបក្សនៅមុនខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោត​ជ្រើ​សតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។

ការប្រកាសរបស់លោកកឹម សុខា បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយនៅដើមសប្តាហ៍នេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធា​នគណបក្សសង្រ្គោះជាតិ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសបានប្រកាសថា លោក គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ។

លោកកឹម សុខា បានបញ្ជាក់ច្បាស់ថា៖មានតែសមាជគណបក្សទេដែលជាអ្នកសម្រេចថា តើនរណាជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅឆ្នាំ២០១៨ខាងមុខនេះ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ដាក់បេក្ខភាពលោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ គឺមិនអាចទៅរួចនោះទេ។

លោក បានបន្តថា៖ បើគ្មានការសម្របសម្រួលនយោបាយរវាងគណបក្សទាំងពីរ ពាក់ព័ន្ធនិងបញ្ហាផ្លូវច្បាប់នោះទេ គឺមិនអាចទៅរួចនោះទេសម្រាប់លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី ក៏មិនមែនជាប្រធានគណបក្សសង្រ្គោះជាតិផងដែរក្នុងពេលបច្ចុប្បន្ននេះ៕

 

អាជ្ញាធរខេត្តអំពាវនាវដល់ក្រុប្រឹក្សាឃុំ សង្កាត់ថ្មីយកចិត្តទុកដាក់ផែនការអភិវឌ្ឍន៍មូលដ្ឋាននិងប្រយោជន៍សង្គម

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបប្រកាសថ្មីទាំងអស់ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍន៍មូលដ្ឋាននិងប្រយោជន៍សង្គមជាតិ។

ក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុមប្រឹក្សាឃុំអន្លង់វិល អាណត្តិទី៤ នៅថ្ងៃទី៤ កក្តដាកន្លងមកនេះ លោកចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ៖”សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញការងារនានាអោយទទួលបានជោគជ័យ”។

ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីក៍ពិតមែនប៉ុន្តែមិនមានន័យថា ការងារគ្រប់គ្រងនិងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មីត្រូវបន្តការងារគ្រប់គ្រងនិងការអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាល ការងារផ្តល់សេវាផ្សេងៗអោយមានប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖” ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាននានាដែលមានជាធរមាន បន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗ រាល់ការផ្លាស់ប្តូរឬតែងតាំងមេភូមិ អនុភូមិនិងសមាជិកភូមិណាមួយ អនុវត្តអោយបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ជាងនេះទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានារួមទាំងអនុវត្តថវិការនិងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិមុន ត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្របតាមនីតិវិធីដែលបានកំណត់រួច”។
ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់មកពីគ្រប់គណៈបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធ៌ម សាមគ្គីភាព សម្របសម្រួលមិនបែងចែកនិន្នាការនយោបាយ ខិតខំលើកកម្ពស់ការចូលរួមជាក្រុមលើការបំពេញការងារ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិត ភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាឃុំអន្លង់វិលដែលបានប្រកាសសុពលភាពខាងលើនេះមាន១១រូប មកពីគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីជាមេឃុំនិងជន្ទុកទី១ ចំណែកឯជន្ទុកទី២ចំនួន៥មកពីគណបក្សសង្គោះជាតិនិងក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ដែល មានសមាជិកចំនួន៩រូប ក្នុងនោះចៅសង្កាត់និងចៅសង្កាត់រងទី១ មកពីគណបក្សប្រជាជនកម្ពុជា ចំណែកចៅសង្កាត់រងទី២មកពីគណបក្សសង្គ្រោះជាតិ ។ដោយឡែកក្រុមប្រឹក្សាក្នុងសង្កាត់ស្វាយប៉ោមានសមាជិកចំនួន១១រូប មកពីគណបក្សប្រជាជនកម្ពុជាមានឋានះជាចៅសង្កាត់និងចៅសង្កាត់រងទី១ រីឯគណបក្សសង្គ្រោះជាតិមានតួនាទីជាចៅសង្កាត់រងទី២៕

អាជ្ញាធរខេត្តអំពាវនាវដល់ក្រុប្រឹក្សាឃុំ សង្កាត់ថ្មីយកចិត្តទុកដាក់ផែនការអភិវឌ្ឍន៍មូលដ្ឋាននិងប្រយោជន៍សង្គម

ស្ថាប័នព្រឹទ្ធសភាគាំទ្រលើខ្លឹមសារទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយដែលបញ្ជូនដោយស្ថាប័នរដ្ឋសភា

ភ្នំពេញ៖ស្ថាប័នព្រឹទ្ធសភាគាំទ្រលើខ្លឹមសារទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយដែលបញ្ជូនដោយស្ថាប័នរដ្ឋសភា ដើម្បីឈានទៅអនុវត្តន៍នៅពេលឆាប់ៗនេះ។អ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងថា សេចក្តីស្នើវិសោធនកម្មលើកទីពីរ ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានគណៈកម្មការទី៦នៃ ព្រឹទ្ធសភាបានបញ្ចប់ការពិនិត្យខ្លឹមសាររួចរាល់ហើយដោយគ្មានជំទាស់អ្វីនោះឡើយហើយគ្រោងដាក់របៀបវារៈអនុម័តជាផ្លូវការ។

លោកម៉ម ប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី១៤កក្កដានេះថា កិច្ចប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ដែលទទួលបន្ទុកនីតិកម្ម និងយុត្តិធម៌ នៅព្រឹកមិញនេះបានសម្រេចកំណត់យកថ្ងៃទី១៧កក្កដា សម្រាប់បើកកិច្ចប្រជុំ គណៈកម្មាធិការចិន្ត្រៃយ៍។
លោកមានប្រសាសន៍ថា ៖ព្រឹទ្ធសភា នឹងអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយគ្មានការកែប្រែបន្ថែមអ្វីនោះឡើយព្រោះគណៈកម្មការជំនាញបានពិនិត្យរួចរាល់ ឃើញថាត្រឹមត្រូវតាមទំរង់ និងគតិច្បាប់ មិនបានប្រាសចាក់ពីខ្លឹមសារដ្ឋធម្មនុញឡើយ។
លោកបញ្ជាក់ថា៖” បើទោះបីជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីមិនចូលរួមអនុម័តសេចក្តីស្នើច្បាប់នៅពេលខាងមុខក្តី ក៏សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាមានកូរ៉ុមគ្រប់គ្រាន់សម្រាប់អនុម័តច្បាប់នេះ ដោយត្រូវការសម្លេង៥០ភាគរយបូក១ ក្នុងចំណោមសមាជិកសភាចំនួន៦២រូប “។
គណបក្សប្រឆាំងធ្វើពហិការ មិនចូលកិច្ចប្រជុំឡើយ។
លោកយ៉ែម បុញ្ញាឬទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេដើម្បីសុំប្រតិកម្មចំពោះការគាំទ្ររបស់ស្ថាប័នព្រឹទ្ធសភាលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នេះ។យ៉ាងក៏ដោយ ឯកឧត្តមកាលពីពេលថ្មីៗនេះ បានលើកឡើងថាសេចក្តីស្នើច្បាប់នេះមានចរិតនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគាបសង្កត់គណបក្សនយោបាយ គូប្រជែងនយោបាយ។ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិគ្រោងធ្វើសំណើទៅព្រះមហាក្សត្រ ដើម្បីកុំឲ្យព្រះអង្គ ឡាយព្រះហស្នលេខាលើច្បាប់នេះ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយលើកទី២នេះ បានហាមឃាត់ ចំពោះទណ្ឌិតដែលជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹមមិនឲ្យបញ្ចេញសារសម្លេង ឬុភាពឯកសារជាលាយល័ក្ខអក្សរដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួនឡើយ ។ ទន្ទឹមគ្នានេះ ក៏បានហាមឃាត់គ្រប់គណបក្សនយោបាយ មិនត្រូវ យកសារជាសម្លេង រូបភាព ឯកសារ ជាលាយល័ក្ខអក្សរ ឬសកម្មភាពរបស់ទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋឬពីបទមជ្ឈឹម មកប្រើប្រាស់ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួននោះឡើយ៕

អត្ថបទ៖ ចេម ហួត