ក្រសួងទេសចរណ៍ណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិដើម្បីរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះដែលជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ទូរទស្សនន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី៥កញ្ញានេះថា ក្រសួងបានណែនាំឲ្យរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្តកណ្តាលខិតខំរៀបចំទីក្រុង និងទីប្រជុំជនឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ សម្អាតទីក្រុងរួមទាំងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារ កិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន ដើម្បីធ្វើឲ្យបុណ្យទន្លេ ទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ឯកឧត្តម បន្ថែមថា អាជ្ញាធរខេត្តកណ្តាលត្រូវចាប់ផ្តើមអនុវត្តផែនការបោសសំអាតច្រាំងទន្លេ នឹងរៀបចំដាក់អំពូលបំភ្លឺនៅតាមមាត់ទន្លេ ដើម្បីលើកម្ពស់សោភ័ណ្ឌភាពនៅតាមដងន្លេ ក្រុងតាខ្មៅខេត្តកណ្តាលដែលជាកន្លែងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនៅខែមីនាឆ្នាំ២០១៨ខាងមុខនេះ។
លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានប្រាប់ទូរទស្សន៍រស្មីហង្សមាសកាលពីពេលថ្មីៗនេះថា មន្ត្រីកំពុងខិតខំសហការជាមួយអាជ្ញាធរខេត្តតាមរយៈការប្រជុំជាបន្តបន្ទាប់ដើម្បីឈានទៅការរៀបចំបរិស្ថាន សន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្សព្វផ្សាយពីបុណ្យទន្លេនេះ។
សំភាសន៍៖«ដោយមានការណែនាំច្បាស់លាស …….មកលេងខេត្តយើងកាន់តែច្រើន។
សូមបញ្ជាក់ថា បុណ្យទនេ្ល គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គធ្វើជារៀលរាល់ឆ្នាំ ដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ សំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ ហើយនាំចំណូលបានច្រើនដល់ប្រជាជនសហគមន៍តាមដងទន្លេ។
កម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេនេះចំនួន៣លើករួចមកហើយនៅខេត្តក្រចេះ កំពង់ចាម ស្ទឹងត្រែង និងលើកទី៤នេះ នឹងរៀបចំធ្វើឡើងនៅក្រុងតាខ្មៅខេត្ត កណ្តាល នឹងមានការដាក់តាំងពិព័រណ៍ផលិតខ្មែរ ការសម្លែងសិល្បៈការប្រកួតកីឡាចម្រុះជាច្រើនប្រភេទ ក្នុងគោលដៅបំរើការកំសាន្តដល់ភ្ញៀវទទេសចរជាតិនិងអន្តរជាតិនិងជាការឆ្លើយទៅនឹងផែនការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកម្ពុជាឲ្យបានជាង៧លាននាក់នៅឆ្នាំ២០២០ខាងមុខ៕(

ក្រសួងទេសចរណ៍ណែនាំឲ្យអាជ្ញាធរខេត្តកណ្តាលត្រៀមលក្ខណៈសម្បត្តិរៀបចំពិធីបុណ្យទន្លេនៅដើមឆ្នាំ២០១៨ខាងមុខនេះ

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ ការហោះហើរដំបូងរបស់ AirAsia ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាស ព័ត៌មានរវាង Cambodia Airport និង Vinci Airport បានឲ្យដឹងថា ការតភ្ជាប់នេះ ដើម្បីបង្ហាញឲ្យច្បាស់លើវិស័យទេសចរណ៍ចម្រុះ ដ៏សម្បូរបែបរបស់កម្ពុជា និងជាពិសេសតម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្ររបស់កម្ពុជា។ សេវាកម្មថ្មីនេះ បើកដំណើរការនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ពេលវេលាមកដល់គឺម៉ោង១ ហើយ៤០នាទីក្រោយ នឹងចាកចេញ ទៅកាន់ទីក្រុងកូឡាឡាំពួរវិញ។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន AirAsia Berhad បាននិយាយថា “យើងមានក្តីរំភើបរីករាយចំពោះជើងហោះហើរដំបូងរបស់យើង នៅខេត្តព្រះសីហនុ ដែលទទួលបាន លទ្ធផលដ៏ជោគជ័យ ជាមួយអ្នកដំណើរពេញ សម្រាប់ផ្លូវហោះហើរលើកទី៥០របស់យើង”។
លោកថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញពី សក្តានុពល និងឱកាសថាមវន្តធំ នៅក្នុងលក្ខខណ្ឌនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទី១២០ របស់ក្រុមហ៊ុន ហើយសង្ឃឹមថា ខេត្តនេះ នឹងអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាពដែលអាចឲ្យភ្ញៀវទេសចរ ក្នុងតំបន់ បានទទួលនូវពិភពដ៏អាថ៌កំបាំងរបស់អាស៊ានដែលមិនទាន់ត្រូវបានរកឃើញ។ តាមរយៈផ្លូវហោះហើរនេះ ចង់បើកដំណើរតាមផ្លូវអាកាសសម្រាប់ប្រជាជន នៃខេត្តនេះ ដើម្បីពង្រីកខ្លូនក្នុងតំបន់អាស៊ាន ពិភពលោកដោយប្រើការ តភ្ជាប់ដ៏ធំទូលាយនៅទូទាំង២៧ប្រទេស។
លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា “ភាពជាដៃគូដ៏ជោគជ័យ របស់យើងជាមួយ AirAsia ត្រូវបានផ្លាស់ប្តូរឡើងមួយជំហានទៀត ហើយជាគន្លឹះក្នុងការភ្ជាប់កម្ពុជាទៅនឹង ពិភពលោក”៕

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

 

អាកាសចរណ៍ AirAsiaចាប់ផ្ដើមហោះបើកឆាករវាងក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុ

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ភ្នំពេញ៖បើយោងតាមទិន្នន័យរបស់ គ្រឹះស្ថានអង្គរ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃ ឆ្នាំ ២០១៧នេះ ចំនូនភ្ញៀវទេសចរ មកទស្សនា រមណីយដ្ឋាន អង្គរវ ចំនួន ១៤១៥៧៦៩នាក់ កើនឡើង ១២,៣៤ភាគរយធៀងនឹងឆ្នាំ ២០១៦ ហើយ រកចំណូលបាន ៦០ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀប នឹងឆ្នាំ ២០១៦។

ក្នុងនោះដែរ គិតតែក្នុងខែ កក្កដា ឆ្នាំ នេះ ភ្ញៀវទេសចរ មកទស្សនា តំបន់អង្គរ មានចំនួន ១៨២៦៣២នាក់ រកចំណូបាន ជាង ៨លានដុល្លារអាមេរិកផងដែរ។ ចំពោះ ចំណូលដែលបានពីការលក់សំបុត្រ បានបង់ចូលថវិការជាតិ មានចំនួន ៧ លាន ៨ សែន ៤ ម៉ឺន ដុល្លារ និងឧបត្ថម ចូលមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៣ សែន ៦ ម៉ឺន ដុល្លារអាមេរិក។

លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថាលទ្ធផលនៅរយៈពេល ៧ ខែ ឆ្នាំនេះបង្ហាញថា ការសម្រេចដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋាន មិនទាន់មានឥទ្ធិពលអវិជ្ជមានណាមួយដល់ចំនួនភ្ញៀវទេសចរនោះទេ ខណៈដែលចំនួននៅតែកើនឡើងក្នុងអត្រាល្អ។

ប៉ុន្តែ យើងគួរតែចាំមើលលទ្ធផលមួយឆ្នាំពេញសិន ហើយបើចំណូលនៅតែកើនល្អ វាជាការល្អសម្រាប់ប្រទេសកម្ពុជា។ រដ្ឋាភិបាលតាមរយៈគ្រឹះស្ថានអង្គរបានចាប់ផ្តើមអនុវត្តការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចាប់ពីខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយក្នុងនោះតម្លៃប័ណ្ណចូលទស្សនាសម្រាប់រយៈពេល ១ ថ្ងៃបានកើនពី ២០ដុល្លារ ដល់ ៣៧ ដុល្លារ។ តម្លៃសំបុត្រចូលទស្សនារយៈពេលបីថ្ងៃត្រូវឡើងពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់ចូលទស្សនាមួយសប្តាហ៍ត្រូវឡើងថ្លៃពី ៦០ ដុល្លារដល់ ៧២ ដុល្លារ៕

 

ចំណូលពីអង្គរវត្ដមានប្រាក់ជាង ៦០ លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំ ២០១៧

ក្រុមអ្នកជំនាញថាការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្រុមអ្នកជំនាញអៈអាងថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែរស់រវើក។
ក្រុមសមាគមដឹកជញ្ជូនក្នុងស្រុកបានចាត់ទុកគម្រោងវិនិយោគផ្លូវល្បឿនលឿនពីរាជ ធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គឺជាការអភិវឌ្ឍសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រ ប្រទេសកម្ពុជា ក្នុងការបំរើឲ្យវិស័យនាំចេញនាំចូលផ្នែកពាណិជ្ជកម្ម។
ការបង្ហាញពីការគាំទ្រ គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះបានធ្វើឡើងបន្ទាប់ពីផេកហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញព្រះសីហនុ គ្រោងចាប់ផ្តើមនៅឆ្នាំ២០១៧។
លោក អ៊ុត ឈាង អគ្គលេខាធិការសមាគមដឹកជញ្ជូនបានឲ្យដឹងថា៖ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺមានប្រយោជន៍ច្រើន ដោយបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈ មានផ្លូវល្បឿនលឿនចំណេញពេលវេលាក្នុងការដឹកជញ្ជូនទំនិញនិងមនុស្ស។ បន្ថែមពីនេះ ទៀតការដឹកជញ្ជូននឹងកាន់តែមានសុវត្ថិភាពជាងមុនបើធៀបជាមួយនឹងផ្លូវធម្មតា។
លោកបន្ថែមថា៖ ប្រសិនបើរាជរដ្ឋាភិបាលអភិវឌ្ឍន៍គម្រោងនេះបានកាន់តែឆាប់គឺកាន់តែល្អ ដើម្បីជំរុញការនាំចេញនាំចូលទំនិញឲ្យកាន់តែរស់រវើកខ្លំាង ខណៈដែលផ្លូវនេះបច្ចុប្បន្ន មានសកម្មភាពចរាចរណ៍មមាញឹកខ្លាំងពិបាកក្នុងការធ្វើដំណើរហើយប្រឈមនៃការកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
យ៉ាងណាក៏ដោយលោកបានស្នើឲ្យគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ត្រូវអភិវឌ្ឍន៍ឲ្យ ស្របតាមស្តង់ដារគុណភាព កំណត់តម្លៃឲ្យបានសមរម្យ និងការបែងចែកឲ្យដាច់ចំពោះ ប្រ ភេទរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដើម្បីកុំឲ្យផ្លូវនេះមានសភាពរញ៉េរញៃ ធ្វើឲ្យផ្លូវគ្មានប្រសិនភាពនិងមុខងារពិតប្រាកដ។
យោងតាមផេកហ្វេសបុករបស់ម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គ្រោងនឹងបើកការរដ្ឋានសាងសងនៅចុងឆ្នាំ ២០១៧នេះ ក្រោមការវិនិយោគដោយក្រុមហ៊ុនចិន China Communications Construction Company ក្នុងគម្រោងចំណាយរហូតដល់១.៦០០ លានដុល្លា លើប្រវែងផ្លូវជិត២០០គីឡូ ម៉ែត្រ ។
សូមបញ្ជាក់ថា គម្រោងភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះរាជរដ្ឋាភិបាលមិនត្រឹមតែមានផែនការ ស្ថាបនាពីភ្នំពេញទៅក្រុងព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏ពុងសិក្សាពីភ្នំពេញ ទៅក្រុងបាវិត ខេត្ត ស្វាយរៀងផងដែរ ដើម្បីជួយលើកស្ទួយវិស័យសេដ្ឋកិច្ច។ ផ្លូវល្បឿនលឿនគឺជាប្រភេទផ្លូវធំទូ លាយដោយបើកបរក្នុងល្បឿនលឿន ហើយជាស្តង់ដារមាន៣គន្លងទៅនិង៣គន្លងមក ដោយគ្មានផ្លូវឆ្លង កាត់បង្ករឧបសគ្គអ្វីឡើយ៕

ទេសចរចិនជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវអន្តរជាតិដែលមកលេងនៅកម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ដើមឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរចិនបានឈរលំដាប់ ថ្នាក់លេខ រៀងទី១ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិនានាដែលមកលេងកម្សាន្តនៅក្នុង ប្រទេសកម្ពុជា ដែលជាសញ្ញាណដ៏ល្អក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកថោង ខុន រដ្ឋមន្ត្រីក្រួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិដែល មកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល៣ខែឆ្នាំ២០១៧នេះមាន ចំនួន១,៥លាននាក់ ក្នុងកំណើន ១១,៩ភាគរយក្នុងនោះភ្ញៀវទេសចរចិនមាន ចំនួនជាង២៧ម៉ឺននាក់ក្នុងកំណើន២៥,៧ ភាគរយដែលចំនួននេះស្ថិតក្នុងលំដាប់ថ្នាក់ទី១។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទូរទស្សន៍រស្មីហង្សមាសទទួល បាននៅព្រឹកថ្ងៃទី១៦ខែមេសានេះបានអៈអាងថា បន្ទាប់ពីភ្ញៀវទេសចរណ៍ចិនឈរលំដាប់លេខរៀងទី១ គឺលេខ២ភ្ញៀវទេសចរវៀតណាម ហើយលេខ៣ គឺភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប។
របាយកាណ៍បានបង្ហាញថា ការកើនឡើងចំនួនភ្ញៀវទេសចរចិននេះ ដោយសារកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ ២០១៦-២០២០ ហើយនិងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា។សៀវភៅសនេះបានផ្តោតលើផែនការយុទ្ធ សាស្រ្ត៤រួមមាន៖ទី១.ពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន, ទី២. ការបញ្រ្ជាប ការយល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ទី៣ ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងទី៤ ការបង្កើតការទ្រ ទ្រង់។ ក្រៅពីនេះ គឺការបង្កើនសេវាកម្មហោះហើរដោយត្រង់ពីចិនមកកាន់កម្ពុជា ដែល ធ្វើឲ្យភ្ញៀវទេសចរចិនមានភាពងាយស្រួលក្នុងការមកធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា ដោយគ្មានភាពស្មុគស្មាញដូចពីមុន។
ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១២ហើយ ដែលបានធ្វើការហោះហើរភ្ជាប់ពី ចិនទៅកម្ពុជាឬ ពីកម្ពុជាទៅចិនក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៨ ក្រុមហ៊ុន និង៤ក្រុមហ៊ុនទៀតអាកាសចរណ៍របស់ កម្ពុជាដោយបានចុះបញ្ជីនៅក្នុងស្រុក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការ កើនឡើងនៃចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាគឺជាសញ្ញាណវិជ្ជមាននៃការជំរុញកំណើន សេដ្ឋកិច្ច ដោយសារតែភ្ញៀវទេសចរចិនមានទម្លៀបចាយលុយច្រើនពិសេសការទិញសម្ភារៈ ផ្សេងត្រលប់ទៅកាន់ប្រទេសកំណើតវិញ បើធៀបជាមួយនឹងភ្ញៀវទេសចរផ្សេងទៀតមាន លក្ខណៈត្បិតត្បៀត។
លោកស្រីបញ្ជាក់ថា៖” ខណៈកម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរ យ៉ាងច្រើនដូច្នេះ រាជរដ្ឋាភិបាលត្រូវតែពង្រឹងគុណភាពបដិសណ្ឋារកិច្ចឲ្យបានកាន់តែល្អ ពិសេសការពង្រឹងគុណភាពលើវត្ថុអនុស្សាវរីយ៍ ទប់ស្កាត់ការក្លែងបន្លំ តម្លៃសមរម្យ ដើម្បីឲ្យ ភ្ញៀវកាន់តែមានជំនឿចិត្តមកលើកម្ពុជា”។
សូមជម្រាបថា កម្ពុជារំពឹងថា នឹងទទួលភ្ញៀវអន្តរជាតិប្រមាណ៥,៤លាននាក់ ក្នុងនោះទេសចរចិនប្រមាណ ១លាននាក់មកទស្សនាកម្ពុជានៅក្នុងឆ្នាំ ២០១៧ នេះ ៕

រដ្ឋមន្ត្រីអះអាងថា៖”កម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិបច្ចុប្បន្នប្រមាណ ៧៥លានហិកតាស្មើនឹង៤១ភាគរយនៃផ្ទៃប្រទេស”

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន អះអាងថា ក្រោយពីមានការ កែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបាន កើនឡើងរហូតដល់ ទៅ ៧៥លានហិកតា ស្មើនឹង ៤១ភាគរយនៃផ្ទៃប្រទេស ដែលចំនួននេះច្រើន ជាង២ដង នៃ គោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០នៅ ប្រទេស ជប៉ុន។
នៅក្នុងទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ “ជីវៈចម្រុះ និងទេសចរណ៍ ប្រកបដោយចីរភាព” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចគោលដៅសំខាន់ជាច្រើន ដើម្បីចូលរួមជាមួយ នឹងសហគមន៍អន្តរជាតិ លើកិច្ចការពារបរិស្ថាន។ ក្នុងនោះយើងបានរក្សាការពារនិងបង្កើនដីព្រៃអភិរក្សថ្មីៗ បន្ថែមទៀត និងលុបបំបាត់លែងឱ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចចាប់ពីពេលនេះតទៅ។
ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងលើកកម្ពស់ការចុះបញ្ជីដីធ្លី ដោយបានកំណត់ច្បាស់លាស់ដី ណាជាដីសាធារណៈរបស់រដ្ឋ ដីណាជាដីសម្បទានសេដ្ឋកិច្ច ដីណា ជាដីឯកជន ដីណាជាដីសហគមន៍ ដីណាជាដីបង្កបង្កើនផល ហើយការងារនេះយើង កំពុងបន្តអនុវត្តការចុះបញ្ជីដីធ្លីនេះ ឱ្យមានប្រសិទ្ធភាពថែមទៀត។
លោករដ្ឋមន្ត្រីបន្តថា៖ ដើម្បីជំរុញការគ្រប់គ្រងតំបន់ទាំងនេះឱ្យមានប្រសិទ្ធភាព ក្រសួងបរិស្ថានក៏បាន រៀបចំនូវផែនការអភិវឌ្ឍសហគមន៍ តាមរយៈសេវាកម្មអេកូទេសចរណ៍ ដោយបានធ្វើការផ្លាស់ប្តូរមុខរបរ របស់ប្រជាពលរដ្ឋពីការរុករៀនទន្ទ្រានធនធានធម្មជាតិ មកជាការចូលរួមចំណែកថែរក្សាការពារជីវៈ ចម្រុះនៅក្នុងតំបន់ការពារធម្មជាតិវិញ។
ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ មានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ៩ បានបង្កើតជាផ្លូវការ និងមានគម្រោងវិនិយោគផ្នែកទេសចរណ៍ធម្មជាតិចំនួន ១៥ បាននិងកំពុងដំណើរការយ៉ាងសកម្ម។
ក្រៅពីនេះក្រសួងក៏បាន និងកំពុងរៀបចំតំបន់ដែលមានសក្តានុពល សម្រាប់បង្កើត កន្លែងទេសចរណ៍ ធម្មជាតិទាំងនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈ ចម្រុះផងដែរ។
ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុង ពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារ ធម្មជាតិបានកើនឡើងរហូត ដល់ទៅ ៧៥លានហិកតា ស្មើនឹង ៤១ភាគរយនៃផ្ទៃប្រទេស ដែលចំនួននេះ ច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ច ប្រជុំកំពូលលើកទី១០នៅប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖” តម្លៃនិងសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធ អេកូឡូស៊ី ដែលបានផ្តល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពមនុស្សនៅ លើភពផែនដី”។
ធនធានជីវៈចម្រុះ និងអេកូឡូស៊ីបានផ្តល់សេវាកម្មជាច្រើនសម្រាប់ទ្រទ្រង់ជី វភាពរស់នៅប្រចាំថ្ងៃ របស់យើង ដោយរួមបញ្ចូលទាំងសេវាផ្គត់ផ្គង់ជាចំណីអាហារ ទីជម្រក សម្ភារប្រើប្រាស់ ឱ្យសថព្យាបាលជំងឺ ផ្តល់ទីកន្លែងកម្សាន្តសប្បាយ ផ្តល់ខ្យល់អាកាសបរិសុទ្ធ ផ្តល់តម្លៃខាងវប្បធម៌ និងជួយសម្រួលដល់លំនឹងបរិស្ថាន បរិយាកាស អាកាសធាតុ។ល។
តាមរយៈសេវាកម្មនេះសេវាកម្មប្រព័ន្ធអេកូឡូស៊ីទាំងនោះ រួមផ្សំនិងស្ថិរភាពនយោបាយ សុខសន្តិភាព ដែលប្រទេសយើងទទួលបាន ក្នុងរយៈ៣០ឆ្នាំកន្លងមកនេះ វិស័យទេស ចរណ៍ធម្មជាតិបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទេសចរណ៍ធម្មជាតិ មិនគ្រាន់តែចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញ លើកទឹក ចិត្តដល់ការប្រែប្រួលឥរិយាបថរបស់ប្រជាពលរដ្ឋ ពីការប្រើប្រាស់ធនធានហួសកម្រិត មកជាការអភិរក្សជីវៈចម្រុះ និងប្រភេទកម្រ ឬជិតផុតពូជនានា នៅលើពិភពលោកផងដែរ។ ដូច្នេះអំពាវនាវសូមឱ្យស្មារតីថ្ងៃទី២២ ខែឧសភានេះ ក្លាយទៅជាកម្លាំងចលករដ៏មុតស្រួច
មកបុកទម្លុះរបាំងនៃការអភិរក្សធនធានជីវៈចម្រុះ និងជាត្រីវិស័យមួយដើម្បីនាំផ្លូវយើងទាំងអស់គ្នា ឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរបាយការណ៍ស្វាគមន៍របស់លោក ជេត ជាលី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ទិវានេះសហការរៀបចំដោយក្រុមការងារ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនាយកដ្ឋាន ជីវៈចម្រុះនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ដៃគូអភិវឌ្ឍន៍នានា ជាពិសេសកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP) និងសហគមន៍អឺរ៉ុប(EU)ប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹង ជាសាធារណៈអំពីធនធានជីវៈចម្រុះ និងតម្លៃរបស់ប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសកម្មភាពទេសចរណ៍ប្រកបដោយនិរន្តរភាព៕អត្ថបទដើមអេគេភី

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

ភ្នំពេញ៖ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០១៧ នេះ រដ្ឋាភិបាលកម្ពុជាបានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨.០៤៣ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទុនវិនិយោគក្នុងរយៈពេលដូចគ្នានឹងឆ្នាំ ២០១៦ ចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៩៣១.៤៨៩ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ២.៨០៥.៧៨០.២១៧ ដុល្លារសហរដ្ឋអាមេរិក គឺមានការកើនឡើងប្រមាណ ៤៣.៣៧%។ ទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗ។នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែនដីនិងសំណង់បានប្រកាសនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖”គិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ០៤ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន (១៣៨/២០១៦) និង ១៤៧ទីតាំង។ គិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ០៤ខែ ឆ្នាំ២០១៧ នៅមានអគារខ្ពស់ចាប់ពី០៥ជាន់ឡើងទៅមានចំនួនសរុប (៨៧៦/២០១៦) និង ៩០១អគារ។
គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។

អំពីការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះ៖ (១)-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន និង (២)- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន។រូបវន្តបុគ្គលសិក្សាគម្រោងបុ្លង់នៅមានសុពលភាពចំនួន ១១៥រូប ក្នុងនោះស្ថាបត្យករ ៨០រូប វិស្វករចំនួន ៣៥រូប។ បានចុះបញ្ជីស្ថាបត្យករក្នុងគណៈស្ថាបត្យករកម្ពុជា ចំនួន ៥៨៨រូប ក្នុងនោះស្ថាបត្យករបរទេស ០៨រូប ជនជាតិជប៉ុនចំនួន ០២រូប នៅទូទាំងប្រទេសមានស្ថាបត្យករសរុបប្រមាណចំនួន ២៥០០នាក់៕

 

កម្ពុជាទទួលបានគម្រោងវិនិយោគជាង១ពាន់និងទឹកប្រាក់៤ពាន់លានដុល្លារអាមេរិចក្នុង៤ខែដើមឆ្នាំ

ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្មរបស់ប្រជាកសិករ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មចាប់ផ្តើមអនុវត្តគម្រោងជួយដោះស្រាយបញ្ហាវិបត្តិទីផ្សារកសិកម្ម របស់ប្រជាកសិករដោយគ្រោងចំណាយថវិការហូតដល់ជាង៦១លានដុល្លា តាមរយៈភ្ជាប់ ផលិតកម្មកសិកម្មទៅនឹងទីផ្សារក្នុងសុ្រកនិងទីផ្សារនាំចេញ។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនៅព្រឹកថ្ងៃទី២៣ ខែ ឧសភា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖គម្រោងជំរុញទី ផ្សារកសិកម្មនេះធ្វើឡើងតាមរយៈសែ្វងរកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ពន្ធ័ទំាងអស់ក្នុងខ្សែសង្វាក់តម្លៃពីអ្នកបញ្ជាទិញអ្នកលក់ ពាណិជ្ជកម្ម និងភ្នាក់ងារផ្តល់សេវាបន្ថែម។ ក្រៅពី នេះគឺការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃតាមរយៈកៀងគរផ្នែកសង្គម និងអ្នកពាក់ពន្ធ័នានាដើម្បី សម្លឹងមើលការបង្កើតទីផ្សារ គំនិតច្នៃប្រឌិតថ្មីៗតាមរយៈការវិនិយោគសាធារណៈ។

លោកបន្តថា៖ គម្រោងនេះមានយុទ្ធសាស្រ្តឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់កសិករ និងដោះ ស្រាយហានិភ័យតំលៃទីផ្សារសិកម្មដែលកសិករប្រមូលបាន ដោយមានសកម្មភាព អប់រំផ្តល់បច្ចេកទេសធនធាននិងប្រមូលផ្តុំប្រជាកសិករឲ្យដំាដំណាំប្រភេទដូចៗគ្នានៅតាមតំបន់នីមួយៗ ទៅតាម តម្រូវការទីផ្សារ ដែលងាយ​ស្រួលក្នុងការផ្គត់ផ្គង និងយន្តការដោះស្រាយ បានទាន់ពេលវេលា នៅពេលកសិករជួបវិបត្តិទីផ្សារ។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ខេត្តតាកែវ កណ្តាល និងខេត្តកំពត ដោយផ្តោតទៅ លើការចិញ្ចឹមមាន់ ផលិតផលសូត្រ បន្លែ និងស្រូវមួយចំនួន ចំណែកខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង កំពង់ធំ ព្រះវិហារ និងខេត្តមណ្ឌលគីរី គឺផ្តោតសំខាន់ទៅលើដំណាំដំឡូង ស្រូវ សេរីរាង្គ មាន់ និងបន្លែ រីឯខេត្តបាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យផ្តោតលើ ដំណាំស្រូវ ដំឡូង ផលិតកផលសូត្រ និង មៀនតាង៉ែនជាដើម។ ឯឧ.បញ្ជាក់ថា ការកំណត់ ប្រភេទដំណាំប្រចាំតំបន់ដូច្នេះ គឺជាការផ្សារភ្ជាប់សង្វាក់ផលិតកម្មនិងតម្លៃរវាងកសិករ ទីផ្សារ លក់ផលិតផល ឈ្មួញ និងរោងចក្រកែច្នៃប្រចាំតំបន់នីមួយៗ។

លោកបេវ័រ ធារី នាយកកម្មវិធីប្រចាំប្រទេសនៃមូលនិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យ កសិកម្មបានគាំទ្រចំពោះគម្រោងដោះស្រាយវិបត្តិតម្លៃទីផ្សារកសិកម្មនេះ ថានឹងជួយធ្វើឲ្យ ប្រជាកសិករកាន់តែមានជីវភាពប្រសើរឡើងហើយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ ការលើកកម្ពស់វិស័យកសិកម្ម។

លោកបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលត្រូវតែរៀបចំយន្តការនេះ ឲ្យបានច្បាស់ខណៈដែលមូលហេតុដែលនាំឲ្យកសិករតែងតែជួបវិបត្តិគ្មានទីផ្សារនៅពេលប្រមូលផលកន្លងមក ដោយសារឈ្មួញបង្អាប់តម្លៃ និងគ្មានរោងចក្រកែច្នៃផលិតផល រួមទំាងការ ដាំប្រភេទដំណាំដាច់ដោយដុំជាដើម។
យោងតាមរបាយការណ៍គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូចនេះមានរយៈពេល៦ឆ្នាំ ដោយ ចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៧នេះទៅ ហើយ នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជា កសិករប្រមាណជាង៧ម៉ឺន៥ពាន់គ្រួសារ ខណៈដែលប្រជាកសិករប្រហែល៧៩ភាគរយនៃ ចំនួនប្រជាពលរដ្ឋសរុបកំពុងរស់នៅជនបទពឹងផ្អែកលើរបរកសិកម្ម៕

កម្ពុជា-ឥណ្ឌាជំរុញឲ្យមានការហោះហើរត្រង់ទៅវិញទៅមកដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាដែលចប់អាណត្តិបានជំរុញ មានជើងហោះហើរដោយត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា ឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាឲ្យមកកម្ពុជាកាន់តែច្រើន ខណៈ ដែលចំនួនទេសចរមកពីឥណ្ឌានៅមានចំនួនតិចនៅឡើយ។
ក្នុងជំនួបពិភាក្សាជាមួយ លោក Naveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីស្តីការក្រសួងសទេសចរណ៍ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងសិក្សាលទ្ធភាពក្នុងការបើកឲ្យមានការហោះហើរដោយត្រង់ពីឥណ្ឌា មកកម្ពុជា តាមរយៈក្រុមហ៊ុន ខេមបូឌាអង្គរអ័រ ,បាស្កាចេស៊ីឌើស្កាយវិង និងក្រុមហ៊ុនហោះហើរបារយ័ន្តដើម្បីឲ្យការហោះហើរនេះ អាចដំណើរការបានលឿន។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា ៖គម្រោងបើកការហោះហើរដោយត្រង់ពីកម្ពុជាទៅឥណ្ឌា ហើយពីឥណ្ឌាមកម្ពុជាវិញនេះ ភាគីទាំងពីរបានចុះហត្ថលេខារួចរាល់ហើយរង់ចាំតែអ្នកបច្ចេកទេសសិក្សាបន្ថែមប៉ុណ្ណោះ និងអាចដាក់ឲ្យក្រុមហ៊ុនហោះហើរទាំងនោះដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា៖ បន្ទាប់ពីមានការហោះហើត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា និងជំរុញឲ្យអ្នកវិនិយោគឥណ្ឌា និងអ្នកទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន ហើយវាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកថុក សុខុម ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន នៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតឥណ្ឌានោះថា ប្រទេសឥណ្ឌាស្នើឲ្យកម្ពុជាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខ្លួនឲ្យបានទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានោះឥណ្ឌានឹងជួយកម្ពុជាក្នុងការងារទាក់ទាញភ្ញៀវទេសចរនេះ ទៅកាន់ក្រុមហ៊ុនទេសចរណ៍នៅឥណ្ឌាដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនឥណ្ឌាស្គាល់កម្ពុជាកាន់តែច្បាស់។
លោកថុក សុខុមបានបន្ដថា៖ «ឥណ្ឌាបានរាប់រាប់ថា យើងក៏មានយូហ្គាមួយក្នុងការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា និងសូមឲ្យកម្ពុជាជំរុញធ្វើការផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ព្រោះប្រជាជនឥណ្ឌាបានស្គាល់កម្ពុជាហើយ តែស្គាល់តែអង្គរ ដោយឡែកកម្ពុជាទាំងអស់មិនទាន់ស្គាលទេ ។ អញ្ចឹងយើងត្រូវជំរុញធ្វើឲ្យមានការតាំងពិព័ណ៌ធំៗនៅទីក្រុងញូដេលី និងទីក្រុងប៊ូមបៃ ប្រទេសឥណ្ឌា ដោយប្រជាជនឥណ្ឌាចង់ចេញមុខម៉ាត់ច្រើន និងមកកម្ពុជាក្នុងរយៈពេលយូ និងចាយលុយច្រើន»។
លោកNaveen Srivastava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ខាប្រចាំកម្ពុជា ក៏បានស្នើឲ្យលោក ថោង ខុន អញ្ជើញទៅប្រទេសឥណ្ឌាដើម្បីសិក្សាពីទីផ្សារទេសចរនៅប្រទេសឥណ្ឌាដោយផ្ទាល់ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនទេសចរណ៍ និងអ្នកជំនាញឥណ្ឌាលើការងារស្រូបយកទេសចរឥណ្ឌាឲ្យមកកម្ពុជា។
លោកក៏បានសន្យាជំរុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌាជួយគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីបំរើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងប្រទេសឥណ្ឌាដោយផ្ទាល់។
តាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងមកទេសចរឥណ្ឌាបានមកលេងកម្ពុជាមានចំនួនជាង៤ម៉ឺននាក់ ខណៈដែលចំនួននេះ នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបទៅនឹងប្រទេសផ្សេងៗនៅកៀកកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសដែលនៅជិតកម្ពុជា និងនៅក្នុងតំបន់មានជើងហោះហើរដោយត្រង់មកកម្ពុជា រួចមកហើយដូចជាប្រទេសថៃ វៀតណាម ជប៉ុន និងចិនជាដើម។ ក្នុងនោះបើសិនគម្រោងបើកជើងហោះហើរពីឥណ្ឌាដាក់ឲ្យដំណើរបន្ថែមការទៀត វានិងជួយជំរុញឲ្យអ្នកទេសចរអន្តរជាតិកមកម្ពុជាកាន់តែច្រើនឡើងទ្វេដង៕

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុនអាកាសចរណ៍ AirAsia នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាន ប្រ កាសថាថ្ងៃជើងហោះហើរត្រង់តំបូងរវាងក្រុងព្រះសីហនុ របស់កម្ពុជានិងក្រុងកូឡាំពួរប្រទេស ម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការជាលើកដំបូង នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ។
តាមការ ប្រកាស នេះ ក្រុមហ៊ុន AirAsia នឹងធ្វើការហោះហើរត្រង់ ទៅវិញ ទៅមកពី ខេត្តព្រះសីហនុ ទៅ ក្រុងកូឡាឡាំពួរ ៤ដង ក្នុងមួយសប្តាហ៍នេះបើយោងតាមការបញ្ជាក់ពី លោក Spencer Lee ប្រធាន ពាណិជ្ជ កម្ម ក្រុមហ៊ុន AirAsiaBerhad និយាយថា «ក្រុងព្រះសីហនុ ជាគោលដៅដ៏រំភើបមួយ ដោយសារ មាន ទ្រព្យសម្បត្តិត្បូងថ្មនានា ដែលមិនត្រូវបានស្រាវជ្រាវនៅឡើយ។ ក្នុងនាមជាក្រុមហ៊ុនដឹកអ្នកដំណើរផ្លូវអាកាសនាំមុខគេតម្លៃ ទាបជាងគេ ក្នុងពិភពលោកនិងជាក្រុមហ៊ុនទីមួយ ពីម៉ាឡេស៊ីបើកប្រតិបត្តិការ សម្រាប់ ផ្លូវអាកាសមានតែមួយគត់នេះ យើងចង់បន្តនាំមុខទីផ្សារនេះ ដោយបើកប្រើប្រាស់ទ្រព្យ ដ៏ មានតម្លៃ ដែលមិនទាន់ដឹងក្នុងតំបន់អាស៊ានដូចទីក្រុងមួយនេះ របស់កម្ពុជាទៅកាន់ ពិភព លោក»។ លោកបានបន្តទៀតថា «យើងមានបំណងអភិវឌ្ឍព្រះសីហនុ ឲ្យក្លាយជាចំណុចគោលដៅទេសចរណ៍ដូចគ្នា ហ្នឹងរបៀបAirAsiaបានណែនាំ អំពីរួចមកហើយនូវចំណុចគោលដៅតែមួយគត់ គួរទស្សនារួមមានតំបន់ LuangPrabang តំបន់ Banda Aceh និង Bhubaneswar រួមទាំងតំបន់ដទៃទៀត ហើយយើងខ្ញុំជឿជាក់ថា ការឧទ្ទេសនាមផ្លូវហោះហើរនេះ នឹងជាជំហានដ៏សំខាន់ទីមួយដើម្បីបើកសោនូវជម្រើសការធ្វើដំណើរពីកន្លែងផ្សេងៗច្រើនទៀត សម្រាប់អ្នកទស្សនាចូលមកកាន់ ទីក្រុងមាត់សមុទ្រមួយនេះ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានស្វាគមន៍ចំពោះការមកដល់ នៃជើងហោះហើរត្រង់ជាងលើកដំបូងនេះ។ លោករំពឹងថា ការហោះហើរត្រង់នេះ នឹងជំរុញភ្ញៀវទេសចរម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ ដើម្បីអបអរការបើកផ្លូវថ្មីនេះ គ្រប់សំបុត្រទាំងអស់មានតម្លៃចាប់ពី៤០ដុល្លារឡើងទៅ សម្រាប់ការសំបុត្រធ្វើដំណើរមួយដង (oneway) ហើយភ្ញៀវទេសចរក៏បានកក់កៅអី ដោយការទិញសំបុត្រចាប់ពីថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍AirAsia ក៏បានបម្រើការហោះហើរផងដែរ សម្រាប់ការហោះត្រង់ពីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់សប្ដាហ៍មានចំនួន១៤ដង និងទៅកាន់ក្រុងសៀមរាប រាល់សប្ដាហ៍មានចំនួន១៤ដងផងដែរ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តទៅ៕

 

ក្រុមហ៊ុនអាកាសចរណ៍ AirAsiaប្រ កាសជើងហោះហើរត្រង់ដំបូងមកក្រុងព្រះសីហនុ